ព័ត៌មានជាតិ

ថ្ងៃនេះ​មន្រ្តី​ជំនាញ​នៃ​ក្រសួង​ការងារ​ បានផ្តល់ព័ត៌មានស្តីពីឱកាសការងារ ការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ទៅដល់ពលករចំនួន២៦០៦នាក់

គិតត្រឹមម៉ោង៤ រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរដែលប្រចាំការក្នុងមណ្ឌលសំចត និងកន្លែងទទួលពលករតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំពោះការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។

ក្នុងនោះមន្ត្រីជំនាញដែលកំពុងប្រចាំការក្នុងមណ្ឌលសំចត និងកន្លែងទទួលពលករតាមច្រកទ្វារព្រំដែនអន្តរជាតិទាំង ៦រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនអន្តរជាតិដូង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានផ្តល់ព័ត៌មានស្តីពីឱកាសការងារ ការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ទៅដល់ពលករចំនួន២៦០៦នាក់៕

To Top