ភ្នំពេញ ៖ លោក ឥន្ទ សុផល អ្នកតាមដានស្ថានការណ៍សង្គមបានបង្ហាញពីមូលហេតុយោធាថៃ មិនឲ្យរដ្ឋាភិបាលរបស់ខ្លួនឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈលោកអះអាងថា សម្តេចតេជោ និងលោកស្រី យីង ឡាក់ឯកភាពគ្នាទទួលយកសេចក្តីសម្រេចរបស់ ICJ តាំងពីឆ្នាំ២០១៣ ដើម្បីព្រំដែនសន្តិភាព។
លោក ឥន្ទ សុផលលើកឡើងបែបនេះ បន្ទាប់សំណុំរឿងព្រំដែនកម្ពុជា-ថៃបានធ្លាក់ដល់ដៃក្រឡាបញ្ជីICJ កាលពីថ្ងៃ១៦ មិថុនា ក្រោយកម្ពុជាបានបញ្ជូនទៅ ។ កម្ពុជាបញ្ជូនសំណុំរឿងព្រំដែនទៅ ICJ ក្នុងគ្រាថៃបង្កបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មីម្តងទៀតកាលពីថ្ងៃ២៨ ឧសភា នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារបណ្តាលឲ្យកងទ័ពខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៧ មិថុនា លោក ឥន្ទ សុផល បានលើកឡើងជាច្រើនចំណុច
ចំពោះមូលហេតុកងទ័ពថៃ មិនឲ្យរដ្ឋាភិបាលរបស់ខ្លួនឡើងតុលាការ ICJ ។ ក្នុងនោះលោកមើលឃើញថា ដោយសារកងយោធាថៃ បានបង្កើតរដ្ឋបាលរបស់ខ្លួនប្រមូលផ្តុំអំណាចជាមួយអាមាត្ររាជវាំងតាំងពីក្រោយរដ្ឋប្រហារឆ្នាំ១៩៤៧ ។ ក្រុមអាមាត្ររាជវាំងជាអ្នកផ្តល់ប្រយោជន៍ឲ្យមេទ័ពធំៗមានការចែកដីធ្លី និងទ្រព្យសម្បត្តិជាច្រើន ដើម្បីឲ្យពួកយោធាការពាររាជវង្ស ដូច្នេះរាជវង្សគ្មានយោធា ត្រូវរលាយ ! យោធាគ្មានរាជវង្ស ត្រូវអស់អំណាច ។
លោកបន្តថា លោកថាក់ ស៊ីន ជាមេដឹកនាំមានប្រជាប្រិយភាពខ្លាំង ធ្វើឲ្យក្រុមអាមាត្ររាជវាំង និងយោធាមានការព្រួយបារម្ភខ្លាចឥទ្ធិពលរបស់លោក ថាក់ ស៊ីន គ្របដណ្តប់លើរាជវាំង និងរំលាយអំណាចយោធា ដាក់ឲ្យស្ថិតក្រោមរដ្ឋាភិបាលវិញ ! ហេតុនេះក្រុមយោធា ត្រូវតែធ្វើរដ្ឋប្រហារទម្លាក់លោកថាក់ ស៊ីន ។ សម្តេចតេជោ និងលោកថាក់ ស៊ីន ត្រូវបានរាប់អានគ្នាជាបងប្អូនធម៌ ហើយនៅក្នុងជំនួបផ្លូវការឆ្នាំ២០០៣ មេដឹកនាំទាំងពីរ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការចរចាបោះបង្គោលព្រំដែនគោករវាងកម្ពុជាថៃ ត្រូវធ្វើឲ្យចប់នៅក្នុងអាណត្តិរបស់លោកទាំងពីរ ។
លោកថា ចំណែកក្រុមយោធា មិនឯកភាពឲ្យមានការចរចារឿងព្រំដែនជាមួយកម្ពុជានោះទេ ព្រោះនៅក្នុងអំឡុងពេលកម្ពុជាកំពុងមានសង្គ្រាម ក្រុមយោធាបានលួចរំកិលបង្គោលព្រំដែនមួយចំនួនចូលក្នុងទឹកដីកម្ពុជា ហើយបច្ចុប្បន្នក្រុមយោធា បានបំផ្លាញទីតាំងបង្គោលចាស់ដែលបន្សស់ទុកតាំងពីសម័យបារាំងអស់ជាច្រើន។ រហូតមកដល់ពេលនេះ ភាគីថៃចេះតែអូសបន្លាយមិនឲ្យមានការប្រជុំស្វែងរកទីតាំងបង្គោលទាំង៧៣ ដែលបន្សល់ទុកពីអាណានិគមបារាំងនោះទេ គឺខកខានអស់រយៈពេលជាង១២ឆ្នាំកន្លងមកហើយ ។ កងទ័ពមិនអនុញ្ញាតឲ្យរដ្ឋាភិបាលថៃចរចាជាមួយកម្ពុជា ដើម្បីស្វែងរកបង្គោលព្រំដែន និងទីតាំងពិតប្រាកដឡើយ ព្រោះពួកយោធាបានដឹងយ៉ាងច្បាស់ណាស់ថាបង្គោលព្រំដែនមួយចំនួន បានដើរចូលក្នុងទឹកដីកម្ពុជា ក្នុងសម័យសង្គ្រាម? ។
លោកឥន្ទ សុផល មើលឃើញទៀតថា បច្ចុប្បន្នកូនស្រីលោកថាក់ ស៊ីន ឡើងកាន់អំណាចកំពុងទទួលរងសម្ពាធពីយោធា និងក្រុមអាមាត្រយ៉ាងខ្លាំង ហ៊ានតែសម្រេចចិត្តខុសតែបន្តិចត្រូវយោធាធ្វើរដ្ឋប្រហារ ។ ហេតុនេះទើបបដិសេធមិនទៅ ICJ ជាមួយកម្ពុជា ហ៊ានតែស្របតាមកម្ពុជា ត្រូវយោធាធ្វើរដ្ឋប្រហារភ្លាម ។ នៅពេលនាយករដ្ឋមន្ត្រីថៃ មិនស្របតាមកម្ពុជា យោធារកលេសធ្វើសង្គ្រាមជាមួយកម្ពុជា បង្កភាពវឹកវរនៅក្នុងប្រទេសរបស់ខ្លួន ធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចតាមរយៈការបទព្រំដែន សេណារីយ៉ូ ចុងក្រោយបន្ទោសទៅលើការដឹកនាំរបស់នាយករដ្ឋមន្ត្រី ត្រូវធ្វើរដ្ឋប្រហារដដែល ។
លោករៀបរាប់បន្តថា ដើម្បីព្រំដែនសន្តិភាពសម្តេចតេជោ និងលោកស្រី យីងឡាក់ បានឯកភាពទទួលយកការសម្រេចរបស់ ICJ កាលពីឆ្នាំ២០១៣។
ដូចអ្វីដែលលោករៀបរាប់នេះ លោកសង្កត់ធ្ងន់ថា “ជាតិសាសន៍ខ្មែរអភ័ព្វមានអ្នកជិតខាងចិត្តជាចោរ មិនអាចនៅបានសុខឡើយ កូនខ្មែរគ្រប់ជំនាន់ត្រូវតែរឹងមាំ បើពុំនោះទេយើងនឹងបាត់បង់ទឹកដីបន្តិចម្តងៗ និងសូមកុំឲ្យមានសង្គ្រាមលោកកើតឡើងម្តងទៀត ពួកសៀមនឹងវាយយកព្រះវិហារ និងអង្គរដូចកាលពីសង្គ្រាមលោកលើកទី២”៕
