ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជំហររបស់កម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពាន ទឹកដីកម្ពុជា មួយមីលីម៉ែត្រដូចគ្នា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមកពីគ្រប់ទិសទីទាំងអស់ ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ ការរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗ វីរៈយុទ្ធជន ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី។

សម្ដេច ប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា «ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា មួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿន ការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ»។

សូមរំលឹកថា នាឱកាសអញ្ជើញជាអធិបតី បិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា កម្ពុជា អត់ដកថយទេ ក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែន ជាមួយថៃ ។ សម្ដេ ចបានបញ្ជាក់ថា ពាក្យបណ្ដឹងរបស់កម្ពុជា បានដាក់ដល់ដៃ របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយអ្នកមិនជឿអាចទូរស័ព្ទទៅសួរ ICJ បាន។

សូមជម្រាបថា ពាក្យបណ្តឹងរបស់កម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បញ្ជូនលិខិតផ្លូវការមួយច្បាប់ ដែលជាពាក្យបណ្តឹងទៅកាន់លោក Philippe Gautier មន្ត្រីអត្រានុកូលដ្ឋាន របស់តុលាការ យុត្តិធម៌អន្តរជាតិ ICJ នាថ្ងៃទី១៥ ខែមិថុនា នឹងបានប្រគល់ដោយផ្ទាល់ដៃ ទៅតុលាការយុត្តិធម៌ អន្តរជាតិនៅទីក្រុងឡាអេ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា តាមរយៈឯកអគ្គរាជទូតកម្ពុជា ដែលទទួលខុសត្រូវ នៅប្រទេសហូឡង់៕
