ព័ត៌មានជាតិ

លោក ហួត ហាក់ អំពាវនាវ ឱ្យចូលរួមលើកតម្លៃ និងប្រើប្រាស់ ផលិតផលក្នុងស្រុក ជាពិសេសផលិតផល មានម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញ (GI)

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវ ឱ្យចូលរួមលើកតម្លៃ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផល ដែលមានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំង​ ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្នុងវិស័យទេសចរណ៍ ។

ការថ្លែងរបស់លោករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុង ឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ក្នុងវិស័យទេសចរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ។

សិក្ខាសាលា ស្តីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ បានផ្តោតសំខាន់លើ ប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១) កម្មសិទ្ធិបញ្ញាក្នុងវិស័យទេសចរណ៍, ទី២) ការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក្នុងវិស័យទេសចរណ៍, និងទី៣) ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សរុបចំនួន ៣១២នាក់។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ផលិតផលក្លែងក្លាយ មិនត្រឹមតែបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបាត់ជំនឿទុកចិត្ត ដល់វិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជាថែមទៀតផងដែរ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឱ្យម្ចាស់សណ្ឋាគារ, ភោជនីយដ្ឋាន, អាហារដ្ឋាន និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ត្រូវចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ។ ជាមួយគ្នានេះ លោក ក៏បានសង្កត់ធ្ងន់ ដោយណែនាំ​ឱ្យមាន ការយកចិត្តទុកដាក់​ រៀបចំឱ្យមានបន្ទប់ទឹកនិងបន្ទប់ទឹក ឱ្យមានអនាម័យស្អាតបាត ប្រកបដោយគុណភាព។

បន្ថែមលើនេះលោក រដ្ឋមន្ត្រី ជំរុញការលើកតម្កើងផលិតផលខ្មែរ, និងគាំទ្រកសិករ និងអ្នកផលិតក្នុងស្រុក ឱ្យផ្តោតលើគុណភាព ជាពិសេសលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យទិញវត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយដៃ និងផលិតនៅកម្ពុជា៕

To Top