ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធាន ក្រុមការងារ ផ្នែកវិស័យសុខាភិបាល និងឧកញ៉ាសាស្រ្តាចារ្យ តាន់ គីមមេង សហប្រធានក្រុមការងារ ផ្នែកសុខាភិបាល តំណាងផ្នែកឯកជន នាថ្ងៃ១៧ មិថុនា បានអញ្ជើញបើកវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រុម “ឋ” ដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ និងទទួលព័ត៌មាន ត្រឡប់ ដើម្បីធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើង រវាងក្រសួងសុខាភិបាល និងផ្នែកឯកជន។

ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វិស័យឯកជនជាដៃគូ ដ៏សំខាន់សម្រាប់ការចូលរួម ចំណែកក្នុងការអភិវឌ្ឍវិស័យ សុខាភិបាលកាន់តែល្អប្រសើរ ។ ក្នុងនាមក្រសួង សុខាភិបាល លោកសាស្រ្តាចារ្យ ស្វាគមន៍ នូវមតិយោបល់កែលម្អ ដើម្បីពិភាក្សារួមគ្នា ស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាឲ្យវិស័យ សុខាភិបាលសាធារណៈ និងឯកជន កាន់តែល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធ និងរីកចម្រើនថែមទៀត ។ បន្ថែមពីនេះ ត្រូវអនុវត្តឲ្យស្របទៅ នឹងនិយាមវិជ្ជាជីវៈ ព្រោះវិស័យនេះមានសារៈសំខាន់ទាក់ទងនឹងជីវិតមនុស្ស ឈានទៅការកាត់ បន្ថយការឈឺ និងស្លាប់ ជាពិសេសការស្លាប់ របស់ទារក កុមារ និងមាតា។ ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល ស្វាគមន៍ និងលើកទឹកចិត្តការ ទទួលយកអ្នកឯកទេស មកជួយអភិវឌ្ឍន៍វិស័យសុខាភិបាល។

នាឱកាសនោះដែរ ឧកញ៉ាសាស្រ្តាចារ្យ តាន់ គីមមេង សហប្រធាន តំណាងវិស័យឯកជន បានកោតសរសើរដល់ ក្រសួងសុខាភិបាល ដែលកន្លងមកបានធ្វើការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជន បានកាន់តែល្អប្រសើរ និងបន្តការងារអនុវត្តច្បាប់ ប្រកបដោយភាពត្រឹមត្រូវ និងស្មើភាព៕










