ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ រាជរដ្ឋាភិបាល កំពុងគិតគូ លើគ្រប់ការដ្ឋានការងារ ដើម្បីការពារទឹកដី

ភ្នំពេញ ៖ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ហ៊ុន ម៉ានី បានលើកឡើងថា ក្រោយមានជម្លោះព្រំដែនជាមួយថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុក ដាក់គិតគូយ៉ាងម៉ត់ចត់ លើគ្រប់ការដ្ឋានការងារទាំងអស់ ដើម្បីធ្វើយ៉ាងណាធានា រក្សាអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីសត្រូវឈ្លានពាន ។

ក្នុងឱកាសអញ្ជើញ ដឹកនាំកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ពនៅ តាមព្រំដែន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាបាន លើកឡើងថា ក្រោយមានការប៉ះទង្គិចគ្នាមួយប្រាវដែលបង្កឡើងដោយកងទ័ពថៃនាថ្ងៃ២៨ ឧសភា កន្លងមកនោះ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន គិតគូយ៉ាងច្បាស់លាស់លើកិច្ចការងារព្រំដែនពីការឈ្លានពានរបស់ភាគីថៃជាប់ជានិច្ច ។

លោកបញ្ជាក់ថា “បងប្អូនជនរួមជាតិជាទីស្រឡាញ់ ក្នុងខណៈពេល ទាំងអស់គ្នា ជួបជុំគ្នានៅទីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី នាយករដ្ឋមន្រ្តីបាននិងកំពុងដឹកនាំគិតគូរ និងគ្រប់គ្រងលើការដ្ឋាន ការងារទាំងអស់ ដើម្បីធានាថា ព្រះរាជាណាចក្រកម្ពុជារក្សាបាន នូវអធិបតេយ្យបូរណភាពទឹកដី កិត្តិយសក៏ដូចជាផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់រូប ”។

លោក ហ៊ុន ម៉ានី គូសបញ្ជាក់ពីការដ្ឋានការងារ ដែលប្រមុខរាជរដ្ឋាភិបាល កំពុងដឹកនាំធ្វើ ដើម្បីរក្សាបូរណភាពទឹកដី ពីការឈ្លានពានរបស់ប្រទេសជិតនោះ តាមរយៈការងារការទូត ដោយមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសបរទេសបានកំពុង ប្រើប្រាស់គ្រប់មធ្យោបាយការទូតយ៉ាងសកម្ម ទាំងទ្វេភាគីនិងពហុភាគី ដើម្បីការពារផលប្រយោជន៍ និងបង្ហាញពីភាពត្រឹមត្រូវ របស់កម្ពុជា លើឆាកអន្តរជាតិ ។

ចំពោះការដ្ឋានច្បាប់វិញ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាបន្តថា គឺលោក ប្រាក់ សុខុន បានរៀបចំឯកសារពាក្យ បណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដោយមានការគាំទ្រពីលោកកើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើការងារបច្ចេកទេសច្បាប់ ។ សម្រាប់ការងារការ ដ្ឋានយោធា មានឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិរួម ជាមួយមេបញ្ជាការ មេបញ្ជាការរង បានគ្រប់គ្រងស្ថាន ការណ៍នៅបន្ទាត់ព្រំដែន ដោយបានត្រៀមខ្លួនជាស្រេច ដើម្បីការពារបូរណភាពទឹកដី ដោយមិនអនុញ្ញាត ឲ្យមានការប៉ុនប៉ងរំលោភឈ្លានពាន ពីបរទេសទោះក្នុងតម្លៃណាក៏ដោយ ៕

To Top