ព័ត៌មានជាតិ

កម្ពុជាប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំ នៅពីក្រោយមេដឹកនាំខ្លាំង

ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព​ អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ១៨ មិថុនានេះ បានធ្វើអត្ថបទវិភាគមួយ អំពីភាពតានតឹងជុំវិញបញ្ហាព្រំដែន ជាមួយប្រទេសថៃពេលនេះ បានស្តែងឱ្យឃើញពីចំណុចខ្លាំង របស់កម្ពុជាដ៏គួរឱ្យចាប់អារម្មណ៍បំផុត ខណៈកម្ពុជាប្រទេសតូច ប៉ុន្តែកម្លាំងចិត្ត មានយ៉ាងធំធេងតាមរយៈមេដឹកនាំ ។

អត្ថបទវិភាគរបស់លោក ប៉ែន បូណា មានអត្ថន័យខ្លឹមសារដូចតទៅ ៖ ទី១៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថា រស់នៅក្នុងឬក្រៅប្រទេស សុទ្ធតែមានទឹកចិត្តស្រឡាញ់ជាតិ និងទឹកដីហើយប្តូរផ្តាច់ការពារ មិនឱ្យបាត់បង់ ទោះជាត្រូវលះបង់អ្វីក៏ដោយ ហើយខ្មែរចេះរួមសាមគ្គីគ្នា នៅពេលប្រទេសជាតិ ប្រឈមនឹងគ្រោះថ្នាក់ ដោយការរំលោភបំពានណាមួយ ក្រោមស្មារតី«សាមគ្គីជាកម្លាំង» ឬ«ចង្កឹះមួយបាច់កាច់មិនបាក់»។ ដំណើរថ្មើរជើងសាមគ្គីភាព ដើម្បីគាំទ្ររាជរដ្ឋាភិបាលនិងកងទ័ពសមរភូមិមុខ ដែលបានប្រារព្ធធ្វើក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះ គឺជាឧទាហរណ៍មួយ ដែលស្តែងឱ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុត។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបជាមួយថៃ តាមគ្រប់រូបភាពមិនថាផ្នែកយោធា សេដ្ឋកិច្ច នយោបាយ និងការទូត។ នៅលើវិស័យយោធា កងទ័ពកម្ពុជា បានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ ជាមួយនឹងសព្វាវុធគ្រប់គ្រាន់និងទឹកចិត្តដ៏អង់អាចក្លាហាន។ ក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម រាជរដ្ឋាភិបាល បានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុត ទាំងការផ្គត់ផ្គង់អគ្គិសនី អ៊ិនធឺណិត និងការផ្តោះប្តូរទំនិញ តាមព្រំដែនដោយមិនអនុញ្ញាត ឱ្យថៃគំរាមបានឡើយ ។ នៅលើ នយោបាយការទូតវិញ កម្ពុជាបានជ្រើសរើសយកច្បាប់ អន្តរជាតិដើម្បីដោះស្រាយវិវាទ ដោយសន្តិវិធីដែលជាជម្រើសដ៏មានប្រៀប។

ទី៣ ៖ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមជាស្រេច ក្នុងការទទួលយកពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឱ្យត្រឡប់មកប្រទេសវិញ ដោយត្រៀមជួយសម្រួលពួកគេគ្រប់បែបយ៉ាង រាប់ចាប់តាំងពីឯកសារ មធ្យោបាយធ្វើដំណើរ មជ្ឈមណ្ឌលសំចតបណ្តោះអាសន្ន ម្ហូបអាហារ ការងារ និងរហូតដល់ការជួយសម្រួលជាមួយធនាគារនិង មីក្រូហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ចីផ្សេងៗទៀតផង។ ចំណែកនិស្សិត ដែលកំពុងសិក្សាក្នុងប្រទេសថៃ ក៏រាជរដ្ឋាភិបាលត្រៀមទទួលនិងផ្តល់អាហារូបករណ៍ សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរ។

ទី៤ ៖ ភាពឯករាជម្ចាស់ការ និងគ្រប់ជ្រុងជ្រោយ ក្នុងការចាត់ចែង លើជោគវាសនារបស់ខ្លួន ដែលកម្ពុជា អាចធ្វើបាននាពេលនេះមិនមែនកើតឡើង ដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផល នៃការដឹកនាំប្រកប ដោយទស្សនៈវិស័យ វែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ។ ប្រមុខដឹកនាំកម្ពុជា បានប្រែក្លាយប្រទេសដ៏តូច និងធ្លាប់តែកំសត់មួយនេះ ឱ្យទៅជាប្រទេស ដែលអាចឈរបានដោយកម្លាំងខ្លួនឯង កាន់តែរឹងមាំលើគ្រប់វិស័យ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

សរុបមកវិញ កម្ពុជាជាប្រទេសតូច មានប្រជាជនតិច តែមានកម្លាំងចិត្តធំ គឺកម្លាំងមហាសាមគ្គី ចេញពីប្រជាពលរដ្ឋនៅពីក្រោយមេដឹកនាំខ្លាំង ប្រកបដោយបទពិសោធន៍ និងយុទ្ធសាស្ត្រ ។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា ដែលបញ្ញវន្តថៃជាច្រើនទទួលស្គាល់ តែអ្នកនយោបាយនិងកងទ័ពថៃ មួយចំនួនបានមើលរំលង ៕

To Top