ព័ត៌មានជាតិ

សម្តេចតេជោ៖ សំឡេងសន្ទនា ជាមួយនាយករដ្ឋមន្ត្រីថៃ បែកធ្លាយ ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនៅកម្ពុជា បានបកស្រាយជុំវិញ ការធ្លាយសារសំឡេងរបស់សម្តេច និងនាយករដ្ឋមន្ត្រីថៃ​ថា សំឡេងសន្ទនានោះ ត្រូវបានសម្តេច បានផ្ញើទៅកាន់ មនុស្សប្រហាក់ ប្រហែល៨០នាក់ ដោយនៅក្នុងនោះ ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ ។

នៅលើបណ្តាញសង្គម នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ សម្តេចពិតជាបានសន្ទនា តាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ ដើម្បីកិច្ចការទាំងឡាយ មិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាព ជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ ។

ក្នុងនោះសម្តេចតេជោ គូសបញ្ជាក់ថា “សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែល សរុប៨០នាក់ ។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នា ជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃ ចេញមក ចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង” ។

បន្ថែមលើនេះ សម្តេចតេជោ បានបន្ថែមថា ទាក់ទងសារសំឡេងបែកធ្លាយនេះ ឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន សម្តេចនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧៖០៦នាទី៕

To Top