ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថានទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ «ទិវាយោគៈអន្តរជាតិ លើកទី១១» (The 11th International Day of Yoga)។
បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ មិថុនា បានឱ្យដឹងថា ពិធីខាងលើនេះ នឹងធ្វើឡើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦:៣០នាទីព្រឹក នាបរិវេណមុខព្រះលានជល់ដំរី ខេត្តសៀមរាប។ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៦:៣០នាទីព្រឹក នាបរិវេណសួនច្បារមុខ វត្តបទុមវតី រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍សុខុមាលភាព (Wellness Tourism) ការធ្វើលំហាត់ប្រាណសមាធិ ទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចលនាសរសៃឈាម សម្រាប់ សុខុមាលភាពរាងកាយ រួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍សំខាន់ៗ និងវប្បធម៌ដ៏ល្អឯករបស់កម្ពុជា ទៅកាន់ទេសចរជាតិ និងអន្តរជាតិ ជាពិសេសទេសចរឥណ្ឌា ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលឆ្នាំ២០២៥ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា» និងជំរុញផ្សព្វផ្សាយពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season)៕
