ព័ត៌មានជាតិ

ថៃ នៅតែមានមហិច្ចតា បង្កជម្លោះព្រំដែន ជាមួយកម្ពុជា

ភ្នំពេញ៖ មហិច្ចតារបស់ថៃ ក្នុងការរំលោភបំពានអធិបតេយ្យភាពកម្ពុជា នៅតាមបន្ទាត់ខ្សែព្រំដែន ជាមួយកម្ពុជានៅតែមានក្នុងក្រអៅបេះដូង របស់ថៃ ។ ក្រោយមានជម្លោះដ៏រ៉ាំរ៉ៃ រវាងកម្ពុជា-ថៃ អស់រយៈពេលប្រមាណជា៤ឆ្នាំ ចាប់ពីឆ្នាំ២០០៨មកដល់ឆ្នាំ២០១១ ដែលដណ្តើមយកទីតាំងតំបន់ប្រាសាទព្រះវិហារ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយតុលាការអន្តរជាតិមួយនេះ បានកាត់ក្តីឲ្យកម្ពុជាឈ្នះនោះ ជាថ្មីម្តងទៀតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ថៃបានបន្តជម្លោះនៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហារ ដែលបានបណ្តាលឲ្យព្រឹន្ទបាលឯក សួន រ៉ោន ម្នាក់បានស្លាប់បាត់បង់ជីវិត ។

ហេតុការណ៍ប៉ះទង្គិចមួយប្រាវ បង្កឡើងដោយយោធាថៃ កាលពីចុងខែឧសភា កន្លងមកនេះ មិនបញ្ចប់ត្រឹមនោះទេ បានបន្តឡើងកម្តៅជាខ្លាំងរហូតមកដល់ពេលនេះ ហើយសំណុំរឿងព្រំដែននៅតំបន់មុំបី , ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីក៏បានឈានដៃ ICJ ម្តងទៀត ក្រោយភាគីថៃ មិនព្រមគោរពតាមកិច្ចព្រមព្រៀងទ្វេភាគី រហូតធ្វើឲ្យកម្ពុជាបង្ខំចិត្ត កាត់ផ្តាច់លែងប្រើអគ្គិសនី និងអ៊ីនធើណេតពីថៃ ។ ព្រមជាមួយគ្នានេះ ថ្នាក់ដឹកនាំកម្ពុជាក៏បានហៅពលរដ្ឋ ពលករ និងនិស្សិតកម្ពុជាដែលកំពុងធ្វើការ ស្នាក់នៅ និងសិក្សាមកកម្ពុជាវិញ ព្រោះបើតាមសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា បានអះអាងថា ខណៈកម្ពុជានិងថៃកំពុងមានជម្លោះព្រំដែននេះ ក៏មានការរើសអើងជាសាសន៍ផងដែរ ។ ជាមួយគ្នានេះកើតឡើងពីភាគីថៃមុន ដែលបានបិទទ្វារព្រំដែនជាឯកតោភាគី កម្ពុជាក៏បានសម្រេចចិត្តបិទការនាំចូលបន្លែផ្លែឈើគ្រប់មុខ ពីថៃផងដែរ កាលពីថ្ងៃ១៧ មិថុនា។

ចំពោះការប៉ះទង្គិច រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារត្រូវបានក្រសួងការពារជាតិកម្ពុជបានប្រកាសតាមរយៈសេចក្តីប្រកាសព័ត៌មានថា ករណីនេះបង្កឡើងដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ ។

ក្រសួងបញ្ជាក់ថា ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជា ចង់បាននោះទេ ទោះបីជាយ៉ាងណាក្រសួងអះអាងថា ក្រសួងការពារជាតិកម្ពុជា នឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយ រួមមួយ ក្នុងការធ្វើឲ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញ បានឆាប់រហ័ស និងបង្ការកុំឲ្យស្ថានភាពនេះ កើតឡើងសាជាថ្មីម្តងទៀត ។

ក្នុងនោះ លោក ម៉ៅ សុផាន់ មេទ័ពជើងគោកកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានជួបចរចាជាមួយលោក Pana Klaewblaudtuk មេទ័ពជើងគោកថៃ ប៉ុន្តែពុំបានលទ្ធផលនោះទេ ។ ស្របពេលគ្មានលទ្ធផលបែបនេះ ភាគីកម្ពុជាប្តេជ្ញាថា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុច ដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជា បានឈរជើងតាំងពីមុនពេលចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគាំទ្រដល់ការសម្រេច របស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ សម្តេចតេជោ ពីក្នុងសមាជព្រឹទ្ធសភានិងរដ្ឋសភាលើកទី១ នាថ្ងៃ២៩ មិថុនា បានអំពាវនាវ ឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ចំពោះសភាពការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ដោយជឿជាក់លើរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់ និងជឿជាក់ការដោះស្រាយ តាមការចរចាល្អ ជាងការប្រើកម្លាំងប្រដាប់អាវុធ ។

ដើម្បីកុំឲ្យមានរឿងរ៉ាវវែងឆ្ងាយ ភាគីទាំងពីរ ក៏បានកំណត់យកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញ ។ ភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន ភាគីថៃដឹកនាំដោយលោក Prasas Prasasvinitchai ។ ប៉ុន្តែថ្ងៃទី១នៃការផ្តើមបើកកិច្ចប្រជុំ នៅម៉ោងប្រមាណជា១០ព្រឹកនេះ ពុំមានលទ្ធផលនោះទេ ហើយក៏បានមបន្តមកប្រជុំនៅថ្ងៃ១៥ មិថុនាទៀត ។ ចប់កិច្ចប្រជុំទាំងពីរថ្ងៃនេះ លេខាធិការដ្ឋានកិច្ចការព្រំដែន ដែលដឹកនាំដោយ លោក ឡាំ ជា បានលើកឡើងថា ដើម្បីជាប្រយោជន៍ ធានាបាននូវដំណោះស្រាយ លើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀង និងជា ដំណោះស្រាយស្ថាពរ សម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជា បានស្នើភាគីថៃចូលរួមជាមួយភាគីកម្ពុជាក្នុងការ នាំយកវិវាទព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងបានបញ្ជាក់សាជាថ្មី អំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្តើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការ ។

ទោះបីជាភាគីថៃ បដិសេធសមត្ថកិច្ច របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ ក៏នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៕

To Top