ភ្នំពេញ ៖ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានថ្លែងអះអាងថា គ្មានសម័យកាលណា ដែលថៃ កោតខ្លាចញញើតខ្មែរ ជាងសម័យតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែតទេ ។
ការលើកឡើងរបស់អ្នកនាំពាក្យ បន្ទាប់ពីមានមតិនិយាយ អំពីសម្តេចតេជោ និងលោក ថាក់ ស៊ិនស៊ីណាវ៉ាត់ត្រា ជាបងប្អូនធម៌នឹងគ្នា ហើយមិនអាចដោះស្រាយ បញ្ហាព្រំដែន ចេញបាននោះទេ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅជាខ្លាំង និងស្របពេលមានការផ្សព្វផ្សាយសំឡេងសន្ទនារវាងសម្តេចតេជោ និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃ១៨ មិថុនា ។ ក្នុងសំឡេងសន្ទនានោះ លោកស្រី ផែថងថាន បានស្នើឲ្យសម្តេចតេជោ បើកច្រកព្រំដែន ដើម្បីនាំចូលបន្លែផ្លែឈើពីថៃ ប៉ុន្តែត្រូវបានសម្តេចបដិសេធ ។
អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានលើកឡើងនាថ្ងៃ១៨ មិថុនា ថា តាំងពីមានជម្លោះព្រំដែនជាមួយថៃ ខ្លួនលោកផ្ទាល់តែងតែឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងដាក់ដោយឡែកមួយផ្សេងទៀត ប៉ុន្តែរឿងទឹកដីជារឿងជាតិ ដោយមិនអាចយកមកលាយឡំជាមួយរឿងទឹកដី ដើម្បីឲ្យគេប្រមាថនិងឈ្លានពានបានទេ ។
លោកគូសបញ្ជាក់ថា “ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា ដែលថៃញញើតខ្មែរជាងសម័យតេជោ និងធិបតីនោះទេ។ បើអានប្រវត្តិសាស្រ្ត មេដឹកនាំខ្មែរខ្លះកាលពីអតីតកាល ធ្លាប់ត្រូវបានសៀមប្រើប្រាស់”៕
