ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅតែបន្តស្រក់ទឹកភ្នែក ជាប់ជានិច្ច នៅពេលរំលឹកដល់ អតីតកំសត់ កម្រពេលយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិ ពីរបបយ៉ងឃ្នងដ៏ខ្មៅងងឹត នៃសម័យខ្មែរក្រហម ។
ការរំលឹកយកជីវិតធ្វើជាដើមទុន របស់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកសន្តិភាព របស់កម្ពុជា ដោយសារនៅថ្ងៃទី២០ ខែមិថុនា ស្អែកនេះ គឺជាខួបលើកទី៤៨ឆ្នាំ (២០មិថុនា១៩៧៧-២០មិថុនា២០២៥) ដែលជាថ្ងៃសម្តេចបានចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនចេញ ពីរបបប្រល័យពូជសាសន៍ប៉ុល ពតខ្មែរក្រហម ។

ក្នុងបណ្តាញសង្គមតេឡេក្រាមនាថ្ងៃ១៩ មិថុនា សម្តេចតេជោមានប្រសាសន៍ រំលឹកកាលពី៤៨ឆ្នាំមុនថា ជាមួយទឹកភ្នែករាប់ម៉ឺន រាប់សែន រាប់លានដំណក់ ពេលចាកចោលភរិយាដ៏កំសត់ដែលកំពុងមានផ្ទៃពោះ មាតុភូមិ និងប្រជាជនដែលកំពុងប្រឈមជាមួយការស្លាប់ផុតពូជ សម្តេចពិតជាឈឺ រកអ្វីមកប្រៀបផ្ទឹមពុំបាននោះទេ ។
សម្តេចតេជោមានប្រសាសន៍បន្តថា រឿងនេះពិតជាឈឺចាប់ណាស់ ដោយរកពាក្យនិយាយមិនបាននោះទេ បើទោះជារឿងនេះបានឆ្លងផុតអស់រយៈពេល៤៨ឆ្នាំហើយក្តី ក៏ទឹកភ្នែកសម្តេចនៅតែហូរមកមិនដាច់ នៅពេលនឹកឃើញ ដល់រឿងនោះ ។ សម្តេចតេជោបន្ថែមថា សូម្បីតែពេលដែលសម្តេចកំពុង វាយអត្ថបទខ្លីមួយនេះ រំលឹកកាលពីជិត៥០ឆ្នាំកន្លងមកក៏ដោយ ក៏ទឹកភ្នែកសម្តេចនៅតែបន្តហូរចុះមក ធ្វើឲ្យស្រវាំងភ្នែក ។

សម្តេចតេជោគូសបញ្ជាក់ថា “ទឹកភ្នែកខ្ញុំប្រហែលឈប់ហូរនៅពេលដែលខ្ញុំ លាចាកលោកនេះប៉ុណ្ណោះ” ។
សូមរំលឹកថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាព ដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជា ទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។
ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឲ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេស ឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕
