ភ្នំពេញ ៖ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ បានផ្តាំផ្ញើទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃ និង អ្នកនាំពាក្យក្រសួងការបរទេសថៃថា គិតគូរពីប្រទេសរបស់ខ្លួនឯងទៅល្អជាង ព្រោះប្រជាប្រិយភាព របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានជាប់ជានិច្ច ក្នុងក្រអៅបេះដូង ពលរដ្ឋខ្មែរគ្រប់រូប ។

ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ ក្រោយនាយករដ្ឋមន្រ្តីថៃ បានចោទប្រកាន់សម្តេចតេជោថា ដោយសារតែចង់ បានប្រជាប្រិយ និងអបអរសាទរពីពលរដ្ឋខ្មែរ ទើបសម្តេចបានបញ្ចេញសារសន្ទនាជាសំឡេង រវាងលោកស្រីនិងសម្តេចកាលពីថ្ងៃ១៨ មិថុនា ។ ក្នុងសារសំឡេងនោះ នាយករដ្ឋមន្រ្តីថៃ បានស្នើសម្តេចតេជោ កុំជឿលើពាក្យសំដីរបស់មេភូមិភាគ២របស់ថៃ ដែលបាននិយាយពាក់ព័ន្ធ លើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។
លោក ជា ធីរិទ្ធ បានថ្លែងថា សម្រាប់ប្រជាប្រិយភាព របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត គឺមាននៅក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ជាយូរមកហើយ ព្រោះពលរដ្ឋខ្មែរគាំទ្រ និងស្រឡាញ់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំប្រកបដោយ ភាពវ័យឆ្លាត និងពោរពេញដោយយុទ្ធសាស្ត្រ នៅក្នុងការដោះស្រាយទប់ទល់ជាមួយសត្រូវ ឈ្លានពាន ហើយសំឡេងរបស់ប្រជាពលរដ្ឋខ្មែរ ដែលឈរជាមួយសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ឈរជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា។
អ្នកនាំពាក្យគូសបញ្ជាក់ថា “ខ្ញុំគិតថា នាយករដ្ឋមន្រ្តីថៃ ឬក៏អ្នកនាំពាក្យ ក្រសួងការបរទេសថៃ គួរតែកុំបារម្ភ កុំគិតពីរឿង ប្រជាប្រិយភាពរបស់សម្តេចតេជោអី ព្រោះប្រជាប្រិយភាព របស់សម្តេចតេជោគឺវាលើសលប់ វាច្រើនណាស់សម្រាប់ ប្រជាជនកម្ពុជាដែលគាំទ្រលោក ។ គិតពីរឿងផ្ទៃក្នុងនៅក្នុងប្រទេសខ្លួនឯងដែលមានការបែបចែក ការមិនស្តាប់គ្នា ការមិនឯកភាពគ្នាឬក៏ការនិយាយមិនមែនជាសំឡេងតែមួយ យោធាផ្សេង រដ្ឋាភិបាលផ្សេងដែលធ្វើឲ្យពិបាក ក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា”។
អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបន្តថា ដូច្នេះនៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ទាំងប្រទេសកម្ពុជា សំឡេងរបស់កម្ពុជា គឺជាសំឡេងតែមួយ ដោយមិនមានការបែងចែកឋានៈដូចនៅប្រទេសថៃនោះទេ៕
