ភ្នំពេញ ៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ ១០ខែ ក្រសួងមុខងារសាធារណៈ បានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធាណៈ។
ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការបន្តបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈពីថ្នាក់ដឹកនាំជំនាន់មុន ពោលគឺតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយគ្រាន់តែសម្រួចមុំ។
លោក បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យក «ការកែទម្រង់ និងអភិបាលកិច្ច» ជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងបានចាត់ទុក «កំណែទម្រង់រដ្ឋបាល សាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល»។
លោកឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា «រយៈពេល១ឆ្នាំ១០ខែ ក្នុងនាមជាសេនាធិការឱ្យ គ.វ.រ. ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាច្រើន»។ ក្នុងនោះ តាមរយៈវិធានការគន្លឹះទី១ ក្រសួងមុខងារសាធារណៈបានដឹកនាំការប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់ក្រសួង-ស្ថាប័នចំនួន ៩ដង ស្មើនឹង ៤៤លើក ជ្រើសរើសបានមន្រ្តីចំនួន ៤,២០៣នាក់ ក្នុងចំណោមបេក្ខជនជិត ២៣ម៉ឺននាក់។
ការប្រឡងនេះ ទទួលបានការសាទរពីមជ្ឈដ្ឋានជាច្រើន ដោយយើងបានកែទម្រង់ការប្រឡង ដោយប្រើប្រាស់និយាមនីតិវិធីប្រតិបត្តិថ្មី ជាគោលការណ៍អនុវត្តដើម្បីសម្រេចគោលដៅសំខាន់៣៖ (១)ការប្រឡងត្រូវមានភាពយុត្តិធម៌ តម្លាភាព និងបរិយាបន្នក្នុងគ្រប់ដំណាក់កាលទាំងអស់ ស្របតាមប្រសាសន៍ សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» (២)ជ្រើសរើសមន្រ្តីឱ្យចំនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន តាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» និង(៣)ជួយសន្សំថវិកាជាតិ ដោយការជ្រើសរើស ត្រូវផ្អែកលើតម្រូវការជាក់ស្តែងពិតប្រាកដ៕


