ព័ត៌មានជាតិ

ក្រសួងបរិស្ថាន លើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយអង្គការដៃគូ វិស័យឯកជន ឆ្ពោះទៅការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ប្រកបដោយចីរភាព

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ដ៏សំខាន់មួយ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការជាមួយ អង្គការមូលនិធិ សកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៍។

កិច្ចសហការនេះមានគោលបំណងជំរុញការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល។

លោក ចាប វិបុល ប្រធានអង្គការ WWF-កម្ពុជា បានថ្លែងថា MoU ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាននាពេលនេះ គឺជាឧបករណ៍ដ៏មុតស្រួច មួយសម្រាប់បន្ថែមលើកិច្ចគាំពារ និងការអភិរក្សធនធានធម្មជាតិដែលមានស្រាប់។

លោកបានសង្កត់ធ្ងន់ថា MoU នេះនឹងជួយ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងរក្សាបាននូវលំនឹង ជីវៈចម្រុះប្រកបដោយការចូលរួម ពីប្រជាសហគមន៍មូលដ្ឋាន។ លោកបានបន្តថា កិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយក្រសួងបរិស្ថានបានធ្វើឱ្យការងារ អភិរក្សទទួលបានលទ្ធផលគួរជាទីមោទនៈ និងមានប្រសិទ្ធភាពបំផុត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព។

ស្របនឹងការថ្លែងរបស់លោក ចាប វិបុល លោក CHEN YEPERN នាយកគ្រប់គ្រងសាខាក្រុមហ៊ុនណាហ្គាវើលដ៍ លីមីតធិត ក៏បានគូសបញ្ជាក់ថា MoU នេះពិតជាមានសារៈសំខាន់ និងជាសក្ខី នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន អង្គការដៃគូ និងវិស័យឯកជន ដើម្បីរួមចំណែកជាមួយយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថានរបស់រដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា អ្វីដែលថ្នាក់ដឹកនាំចង់បានគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ លោក បានរំលឹកពីប្រសាសន៍របស់ សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន (អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន) ដែលធ្លាប់បានលើកឡើងថា “ឆ្នេរសមុទ្រស្អាត គ្មានសំណល់ប្លាស្ទិក” និង “ភ្ញៀវទេសចរម្នាក់ ដើមឈើ១ដើម” ។ បន្តពី សម្តេចតេជោ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបន្តធ្វើឱ្យកម្ពុជាស្អាត និង មានភាពបៃតង” ដែលនេះ បានសរបញ្ជាក់ពីការបណ្តុះ នូវពន្លកបៃតងក្នុងផ្នត់គំនិត របស់ប្រជាជាតិគ្រប់ជាន់ថ្នាក់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហការគ្រប់ជ្រុងជ្រោយនាពេលនេះ គឺជា បេសកកម្មដ៏ចម្បង ដើម្បីសម្រេចបានបំណងប្រាថ្នារបស់សម្ដេចតេជោ និងសម្ដេចធិបតី។ ជាក់ស្ដែង ជាង ២០ ខែមកនេះ ក្រសួងបរិស្ថានបានដាក់ចេញ នូវយុទ្ធនាការជាច្រើនដែលបម្រើឱ្យភាពស្អាត ភាពបៃតង និងចីរភាព ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេស ធនធាន និងថវិកាពីអង្គការដៃគូជាតិ អន្តរជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធទាំងអស់។ ការឈរលើទស្សនវិស័យតែមួយ យុទ្ធសាស្ត្រតែមួយ និងបេសកកម្មតែមួយនេះ នឹងនាំយកក្ដីសង្ឃឹមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជូនជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបនៅលើឆាកអន្តរជាតិ៕

To Top