ព័ត៌មានជាតិ

អ្នកតាមដាននយោបាយ ៖ គេចចេញពីរដ្ឋប្រហារ លោកស្រី ផែថងថាន បង្ហាញសាមគ្គីជាមួយក្រុមយោធា

ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកចូលចិត្តតាមដាន កិច្ចការនយោបាយទាំងក្នុង និងក្រៅប្រទេស បានធ្វើការវិភាគអំពីស្ថានភាព នយោបាយថៃដែលកំពុងឆេះឆួលក្រោមកំហឹងរបស់ពលរដ្ឋថៃ ដែលបាននាំគ្នាតវ៉ាប្រឆាំងនឹងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃនៅមុខវិមានរដ្ឋាភិបាល នាព្រឹកថ្ងៃ១៩ មិថុនាថា ដើម្បីគេចចេញពីការធ្វើរដ្ឋប្រហារ គឺនាយករដ្ឋមន្រ្តីថៃ បានបង្ហាញសាមគ្គីជាមួយក្រុមយោធា ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ១៩ មិថុនា លោក សយ សុភាព បានលើកឡើងថា ក្នុងដំណាក់កាលថៃហាក់កំពុងមានភាពវឹកវរ កើតចេញពីពលរដ្ឋខ្លួនងើបតវ៉ានោះរដ្ឋាភិបាលថៃដឹកនាំដោយលោកស្រី ផែថងថាន បានបង្ហាញពីសាមគ្គីភាពជាមួយក្រុមយោធា ដើម្បីការពារការជ្រៀតជ្រែកពីប្រភពខាងក្រៅ ។ ក្នុងនោះ ក្រុមយោធាក៏បានបង្ហាញពីការបន្តដោះស្រាយបញ្ហាព្រំដែន ។

ចំពោះរដ្ឋាភិបាលថៃវិញ ដែលកំពុងប្រឈមមុខនឹងការតវ៉ាពីពលរដ្ឋខ្លួននោះ លោក សយ សុភាព ជាអ្នកតាមដានស្ថានការណ៍ នយោបាយមើលឃើញទៀតថា លោកស្រី ផែថងថាន អាចលាលែងពីតំណែងបន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រី ។ លោកថា ក្នុងនោះក៏មានការធានាការផ្ទេរតំណែងនាយករដ្ឋមន្ត្រី ដោយសន្តិវិធីទៅគណបក្ស របស់លោក ប្រាយុទ្ធ ចាន់អូឆា ។

លោកបន្តថា គណបក្សរបស់លោកប្រាយុទ្ធ នឹងទទួលបានសមាជិកសភាកាន់តែច្រើន ដោយប្តូរពីគណបក្ស Phum Jai Thai មកបក្សរបស់គាត់ ព្រោះ Phum Jai Thai ប្រឈមនឹងសំណុំរឿងឡើង តុលាការជាច្រើនករណី៕

To Top