ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី 

កំពង់ចាម ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ត្រូវជាម្តាយបង្កើត លោកជំទាវ ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:១៨នាទីព្រឹក ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។

នាឱកាសនោះផងដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទទួលបានកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត សាច់ញាតិគ្រួសារនៃសព។

សពអគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី បានតម្កល់នៅគេហដ្ឋានលេខ៤៩ ផ្លូវ P២២ គម្រោងទី៧ បុរីប៉េង ហូតបឹងស្នេ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណីនៃព្រះពុទ្ធសាសនា។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកអភិបាលខេត្តកំពង់ចាម បានឧទ្ទិសបួងសួង សូមឲ្យវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី បានទៅសោយសុខក្នុងឋាន សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

To Top