ព័ត៌មានជាតិ

ឧបនាយករដ្ឋ ស៊ុន ចាន់ថុល ៖ រាជរដ្ឋាភិបាល ប្តេជ្ញាស្វែងរកដំណោះស្រាយជម្លោះព្រំដែន តាមច្បាប់អន្តរជាតិ

ឧត្តរមានជ័យ ៖ រាជរដ្ឋាភិបាល ប្តេជ្ញាស្វែងរកដំណោះស្រាយជម្លោះ នៅព្រំដែនតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ព្រមទាំងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជនទូទាំងប្រទេស ដោយគោរពអធិបតេយ្យរបស់ប្រទេសជិតខាង។ នេះជាការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសដឹកនាំគណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកា ព្រមទាំងសម្ភារៈ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលជាកងទ័ពឈរជើងជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការទិសទី៣ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ពិធីនាឱកាសនេះ មានការអញ្ជើញទទួលពី ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។

លោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវអំណរគុណ និងរំលឹកបង្ហាញនូវការគោរព នូវវីរភាពនៃវីរយុទ្ធជនការពារជាតិ ទាំងអស់ ដែលកំពុងឈរជើងការពារដែន អធិបតេយ្យភាពជាតិទាំងយប់ទាំងថ្ងៃ យ៉ាងអង់អាចក្លាហានជាទីបំផុត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ពិសេសការអនុញ្ញាតឱ្យក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានចូលរួមដើម្បីបង្ហាញ ពីការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដោយឥតងាករេ នាឱកាសនេះ គឺជាសក្ខីភាពនៃការផ្សារ ភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ រួមជាតិរួមឈាមជាមួយគ្នា។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា «រាជរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ព្រមទាំងរក្សាជំហរ យ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជនទូទាំងប្រទេស ដោយគោរពអធិបតេយ្យ របស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាត ជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពាន ណាមួយឡើយ»។

លោកឧបនាយករដ្ឋមន្ត្រី បន្ដទៀតថា «យើងប្តេជ្ញាចិត្តគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីធានាថាយើងទាំងអស់គ្នា រួមគ្នាជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិយើង ទោះជាក្នុងតម្លៃណាមួយក៏ដោយ»៕

To Top