ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកពីការឈឺចាប់ខ្លោចផ្សា រកពាក្យអ្វីមិនបានឡើយ កាលពីយកជីវិតទៅប្តូរ ដើម្បីរំដោះប្រទេសជាតិ ចេញរបបប្រល័យពូជសាសន៍ប៉ុលពត កាលពី៤៨ឆ្នាំមុន ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៤៨ឆ្នាំ ដែលសម្តេចតេជោ រួមនឹងយុទ្ធមិត្ត៤រូបផ្សេងទៀត បានចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនចេញ ពីរបបប្រល័យពូជសាសន៍ប៉ុល ពតខ្មែរក្រហម ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាព ដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ធ្វើដំណើរ ជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែន ទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។

សម្តេចតេជោបានមានប្រសាសន៍ធា ទោះបីជាពេលវេលាបានកន្លងហួស រយៈពេល៤៨ឆ្នាំទៅហើយក្តី ប៉ុន្តែនៅពេលដែលសម្តេចនឹកឃើញដល់រឿងរ៉ាវ ដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ គឺទឹកភ្នែកតែងតែស្រក់ចុះ មកជាប់មិនដាច់ឡើយ។
សម្តេចតេជោបន្តថា រឿងរ៉ាវពីអតីតកាលនេះពិតជាធ្វើឲ្យសម្តេចខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន ព្រោះទាំងសម្តេចនិងយុទ្ធមិត្ត៤រូបទៀត មានតែជីវិតប៉ុណ្ណោះធ្វើជា
ដើមទុន ដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានចោទ សួរជាសំណួរថា ប្រសិនបើសម្តេចស្លាប់ នាពេលនោះតើនឹងមានអ្វីកើតឡើង នាពេល៤៥ឆ្នាំកន្លងមកនេះ? ។
ដោយសារភាពប៉ិនប្រសប់ របស់សម្តេចតេជោ ក្នុងការដឹកនាំប្រទេស ទើបមានការ អភិវឌ្ឍលើគ្រប់ វិស័យដូចបច្ចុប្បន្ន ដោយសារតែសម្តេច បានយកជីវិតទៅប្តូរយកការរស់រានមានជីវិត របស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។
យកអំណាចទៅប្តូរ ជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
សម្តេចតេជោសង្កត់ធ្ងន់ថា ចូលចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ ៕
