ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ថៃកុំខំលាបពណ៌កម្ពុជា ដើម្បីបិទបាំងភាព អាម៉ាស់របស់ខ្លួន

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបទៅមន្ត្រីថៃថា បាននិងកំពុងព្យាយាមបិទបាំង ភាពអាម៉ាស់របស់ខ្លួន ដែលបំពានមកលើកម្ពុជា ។

ការលើកឡើង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសថៃ បានចោទប្រកាន់កម្ពុជាថា ជាកន្លែងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ ។

បើតាមលោក ប៉ែន បូណា នាថ្ងៃ២០ មិថុនានេះ បានតបទៅវិញថា រដ្ឋមន្រ្តីថៃរូបនេះកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរម្នាក់ក្នុងទឹកដីកម្ពុជា បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។

លោកបន្តថា ជាពិសេសថៃ បានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជា នៅឯតុលាការយុត្តិធម៌អន្តរជាតិ ។ លោកថា ទាំងនេះបានធ្វើឲ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជា គឺជាកូនល្អរបស់ពិភពលោក ពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។

លោកគូសបញ្ជាក់ថា “ដូច្នេះ មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភា ដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែ ជារឿងឥតប្រយោជន៍ទេ ពីព្រោះពួកគេមិនអាចយកដៃបិទបាំង ព្រះអាទិត្យបានឡើយ ។ ខ្ញុំសូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃ គួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដែលកំពុងបែកបាក់យ៉ាងខ្លាំង វាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា” ៕

To Top