ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ។

ពិធីខាងលើនេះ គឺលើកទឹកចិត្តដល់គ្រប់សមាគម ក្នុងប្រទេសកម្ពុជា ក្នុងការបំពេញបេសកកម្ម ផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិន ភ្ញៀវបរទេសទេសចរ មកពីគ្រប់ទីកន្លែងចូលមកកម្ពុជា រួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យក នូវអាទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលត្រូវបាន ឆ្លុះបញ្ចាំងជាចម្បង នៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល។
សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្តេជ្ញាចិត្តប្រកបដោយឆន្ទៈឥតងាករេ បន្តអនុវត្តរាល់សកម្មភាពទាំងឡាយ រួមមាន ពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្ត កាន់តែខ្លាំងក្លាពីវិនិយោគិន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបន្តលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យកាន់តែល្បីល្បាញថែមទៀត នៅលើឆាកអន្តរជាតិ ជាពិសេស ចូលរួមជាមួយរាជរដ្ឋាភិបាលសម្រេច ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សក្តានុពលខ្លាំងក្លារបស់កម្ពុជា គឺមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព លំនឹងម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស កម្លាំងពលកម្មវ័យក្មេង និងសកម្មជាច្រើន មានទីតាំងស្ថិតនៅចំណុចកណ្តាលតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយ ច្រកទីផ្សារដ៏ធំទូលាយ ប្រកបដោយការអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ មានដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ស្ពានអាកាស ព្រលានយន្តហោះ ប្រព័ន្ធទូរគមនាគមន៍ អគ្គិសនី ទឹក ដែលផ្តល់ភាពងាយស្រួល សម្រាប់ផលិតកម្ម និង ការដឹកជញ្ជូន ជាពិសេសការគាំទ្រ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ខ្ពស់ពី រាជរដ្ឋាភិបាល រួមជាមួយនឹងសក្តានុពលជាច្រើនផ្សេងទៀត៕












