ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាធានាជូនវិនិយោគិនទាំងជាតិ និងអន្តរជាតិថា ទោះបីកម្ពុជា កំពុងមានបញ្ហាព្រំដែន ជាមួយប្រទេសថៃយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាល ធានានូវការរកដំណោះស្រាយ ធ្វើយ៉ាងណារក្សាសន្តិភាព ស្ថេរភាព ដែលអាចឱ្យវិនិយោគិន អាចបន្តវិនិយោគនៅកម្ពុជា ដោយគ្មានការព្រួយបារម្ភ ។
ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានប្តេជ្ញាចិត្តថែទាំការពារថែរក្សា សុខសន្តិភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ជាកន្លែងមួយ ដែលអ្នកវិនិយោគទាំងអស់ នៅលើពិភពលោក អាចមើលឃើញថា ទន្ទឹមនឹងការរក្សាបានសុខសន្តិភាព និងស្ថេរភាព រាជរដ្ឋាភិបាល ក៏បានបន្តគិតគូនិងយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធាន ពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រ ដល់ផលិតកម្មនានា បានយ៉ាងសកម្ម និងប្រសិទ្ធភាព ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានរំលឹកថា កម្ពុជា ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារបន្ថែមទៀត នៅក្នុងនោះកម្ពុជា ក៏មានទីផ្សារអាស៊ាន ដែលមានប្រជាជន ជាង៦៦២លាននាក់ ហើយកម្ពុជា ក៏ជាទីផ្សារនៃបណ្តាប្រទេសជាសមាជិក RCEP ដែលមានប្រជាជនសរុប ប្រមាណជាង២,៣ពាន់នាក់ ដែលទីផ្សារទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ផលិតកម្ម ការផ្គត់ផ្គង់ទំនិញ ផលិតផល សេវាកម្ម និងបណ្តារោងចក្រសហគ្រាស របស់វិនិយោគិនគ្រប់រូប ។

ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “មិត្តទាំងអស់ អាចយល់ដឹងអំពីស្ថេរភាព និងសន្តិភាព នៅកម្ពុជា ហើយទោះជាមានបញ្ហាខ្លះៗនៅព្រំដែន កំពុងតែកើតមាន រាជរដ្ឋាភិបាល ក៏នឹងប្តេជ្ញាចិត្តនៅក្នុងការធានា នូវការរកដំណោះស្រាយ ឱ្យបាននៅក្នុងកិច្ចការងារពាក់ព័ន្ធ ជាមួយព្រំដែននេះ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថេរភាព នៅក្នុងប្រទេសទាំងពីរ ក៏ដូចជាប្រទេសនៅក្នុងតំបន់” ។
បន្ថែមលើនេះ សម្តេចធិបតី បានបង្ហាញក្តីសង្ឃឹមថា អ្នកវិនិយោគទាំងអស់ និងបន្តសម្រេចចិត្ត ធ្វើការវិនិយោគបន្តនៅកម្ពុជា ហើយអ្នកវិនិយោគដែលទើបតែមក ដើម្បីស្វែងរកឱកាសនៅក្នុងការវិនិយោគនៅកម្ពុជា នាពេលនេះ ក៏សង្ឃឹមថា នឹងអាចជ្រើសយកកម្ពុជា នៅក្នុងការធ្វើការវិនិយោគ និងតភ្ជាប់នូវខ្សែចង្វាក់ផលិតកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកផងដែរ៕








