ព័ត៌មានជាតិ

អង្គការសប្បុរសធម៌ ខ្វនថឹម បរិច្ចាគថវិកា ២មុឺនដុល្លាអាមេរិកជាលើកទី២ដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកជួយសង្គ្រោះកុមារកម្ពុជា

ភ្នំពេញ៖ ប្រតិភូមួយក្រុមមានសមាជិកដប់រូបជាតំណាងរបស់អង្គការសប្បុរសធម៌ខ្វនថឹម ដឹកនាំដោយលោកអ៊ុង គង្គា បាននាំយកថវិកា ចំនួន២មុឺនដុល្លាអាមេរិក ទៅបរិច្ចាគជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាព្យាបាលប្រកបដោយគុណភាពនិងដោយឥតគិតថ្លៃជូនកុមារកម្ពុជា។

ពិធីប្រគល់ និងទទួលមូលប្បទានបត្រថវិកា ២មុឺនដុល្លានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរពេទ្យគន្ធបុប្ផា ក្រោយព្រះបរមរាជវាំងភ្នំពេញ ដោយមានវត្តមានលោក អ៊ុង គង្គា ស្ថាបនិកអង្គការសប្បុរសធម៌ខ្វនថឹម លោកវេជ្ជបណ្ឌិតDenis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា លោកស្រីវេជ្ជបណ្ឌិត អុីវ ម៉ាឡែន អនុប្រធានមន្ទីរគន្ធបុប្ផាភ្នំពេញ និងមានការអញ្ជើញចូលរួមពីសមាជិកប្រតិភូ លោកគ្រូ អ្នកគ្រូពេទ្យច្រើនរូបទៀត។

លោក អ៊ុង គង្គា មានប្រសាសន៍ថាការបរិច្ចាគថវិកា នាថ្ងៃនេះ គឺជាកាបរិច្ចាគលើកទី២របស់អង្គការសប្បុរសធម៌ខ្វនថឹម ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានព្យាបាលកុមារកម្ពុជាជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ។លោកថា អង្គការរបស់លោកទើបចាប់ផ្តើមសកម្មភាពមនុស្សធម៌ជួយសង្គមនៅខែកុម្ភៈឆ្នាំ២០២៤ ដោយផ្តោតលើការងារសប្បុរសធម៌ និងការគាំទ្រវិស័យអប់រំធនធានមនុស្ស នៅទីជនបទដាច់ស្រយាល។នៅគ្រានោះយើង ទើបមានសមាជិកជាង៧០នាក់ យើងបានរួមគ្នាបរិច្ចាគថវិការចំនួន២មុឺនដុល្លាជូនមន្ទីរពេទ្យគន្ធបុប្ផាម្តងរួចមកហើយ។បច្ចុប្បន្ននេះចំនួនសមាជិកយើងបានកើនឡើងដល់ជាង៣០០នាក់ យើងបន្តបរិច្ចាគសេចក្តីស្រលាញ់របស់យើងចំនួន២មុឺនដុល្លាទៀតជូនមន្ទីរកុមារពេទ្យគន្ធបុប្ផាដើម្បីជួយដល់កុមារកម្ពុជា ហើយសង្ឃឹមថាយើងនឹងអាចធ្វើការបរិច្ចាគជូនមន្ទីរនេះជារៀងរាល់ឆ្នាំ”។

    លោក គង្គា និយាយថា លោកគោរពកោតស្ញប់ស្ញែងដល់ស្មារតីលោកតាបេអាត រិចឆឺណឺ ដែលជាស្ថាបនិកបង្កើតមន្ទីរពេទ្យកុមារគន្ធបុប្ផា និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលបានជួយសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់រួចមកហើយ និងកំពុងបន្តជួយជារៀងរាល់ថ្ងៃ។

លោកសង្ឃឹមថានឹងមានសប្បុរសជនមកពីក្នុងនិងក្រៅប្រទេសច្រើនទៀត ចូលរួមឧបត្ថម្ភ រួមគ្នាផ្តល់ក្តីស្រលាញ់ និងជួយសង្គ្រោះកុមារកម្ពុជាជាបន្តទៀត។

លោកវេជ្ជបណ្ឌិតDenis Laurentមានប្រសាសន៍ថា ក្នុងនាមអគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាក្នុងនាមថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូពេទ្យ និងមាតាបិតាអ្នកជំងឺ លោកសូមថ្លែងអំណរគុណយ៉ាងជ្រលជ្រៅដល់អង្គការសប្បុរសធម៌ខ្វនថឹមដែលបានបរិច្ចាគថវិការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងទៅក៏ដូចជាថ្ងៃនេះ។

លោកមានប្រសាសន៍ថា មន្ទីរពេទ្យគន្ធបុប្ផាមិនត្រឹមតែជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃប៉ុណ្ណោះទេ កុមារជាតិសាសន៍ដទៃទៀត នៅប្រទេសកម្ពុជា ដែលមកព្យាបាលនៅមន្ទីរពេទ្យនេះក៏ទទួលបានសេវាឥតគិតថ្លៃ និងមានគុណល្អដូចគ្នា។

    បើតាមរបាយការណ៍របស់លោកស្រីវេជ្ជបណ្ឌិត អុីវ ម៉ាឡែន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យគន្ធបុប្ផាមាន៥សាខាមានទីតាំងនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ បច្ចុប្បន្នមន្ទីរពេទ្យនេះក្នុងមួយថ្ងៃមានអ្នកជំងឺមកពីគ្រោះជំងឺក្រៅពី3800នាក់ទៅ 4500 នាក់។អ្នកជំងឺកំពុងសម្រាកពេទ្យក្នុងមួយថ្ងៃ3000 នាក់ ។អ្នកជំងឺថ្មីដាក់ឲ្យគេងពេទ្យក្នុងមួយថ្ងៃ 550នាក់ទៅ650នាក់។អ្នកជំងឺកុមារកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រៅពីប្រភេទជំងឺទូទៅ នៅមានជំងឺមហារីកដុំ ជំងឺមហារីកគ្រាប់ឈាម ជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ។ល។

    ក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលទារក និងកុមារចំនួនប្រមាណ ,២លានករណី ព្រមទាំងស្រ្តីមានផ្ទៃពោះចំនួន ១០៥ ៣៩៦ ករណី។ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាជាមធ្យមប្រមាណ ៤២ លានដុល្លារអាមេរិក សម្រាប់ចំណាយលើការរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

   លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីពេលកន្លងទៅបានអំពាវនាវដល់សប្បុរសជន សូមបន្តបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នាជួយសង្រ្គោះជីវិតកុមារកម្ពុជា ដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត។

លោកជំទាវបណ្ឌិត បានថ្លែងថា ក្នុងមួយឆ្នាំៗ មានអ្នកជំងឺកុមាររាប់លាននាក់ត្រូវបាន និងកំពុងជួយសង្រ្គោះដោយមន្ទីរមន្ទីរពេទ្យគន្ធបុប្ផា។ដូច្នេះការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មិនត្រឹមតែជាការចូលរួមជួយសង្រ្គោះជីវិតមនុស្សម្នាក់ ជីវិតទារកម្នាក់ ជីវិតកុមារម្នាក់ទេ គឺទាំងអស់គ្នានេះ កំពុងតែចូលរួមជួយថែរក្សាសុខភាព និងបង្កើតធនធានមនុស្ស ដើម្បីជួយដល់ប្រទេសកម្ពុជាយើងទៅថ្ងៃក្រោយ។

លោកជំទាវជឿជាក់ថា ការបរិច្ចាគដោយទឹកចិត្តសប្បុរស និងប្រកបក្តីមេត្តាពីសំណាក់ក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានាព្រមទាំងកិច្ចខំប្រឹងប្រែង ពីសំណាក់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ នឹងនៅតែបន្តជាប់ជាប្រចាំនិងកាន់តែផុសផុលថែមទៀត ដើម្បីនាំមកនូវភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាពនៅកម្ពុជា៕

To Top