ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាលើកទី២៤ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាកាត់បន្ថយមរណភាពមាតា និងទារក» នាថ្ងៃ២១ មិថុនា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្ញើសាររំលឹកទៅកាន់ ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ ថែទាំចំពោះស្រ្តីមានផ្ទៃពោះ និងទារកទើបនឹងកើត។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ត្រូវលើកពីកត្តាប្រឈមមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដើម្បីស្គាល់ពីបញ្ហា មូលហេតុ និងស្វែងរកដំណោះស្រាយ ដោយត្រូវយកមកពិភាក្សាគ្នា កុំឲ្យមានការយឺតយ៉ាវក្នុងការរកឃើញនូវបញ្ហា ដូចជា ការពិនិត្យផ្ទៃពោះមុនពេលកើត ការយកចិត្តទុកដាក់នៅពេលកំពុងសម្រាលមានស្ថានភាពមិនល្អ និងយកចិត្តទុកដាក់ក្រោយសម្រាល ទាំងម្តាយ និងទារក។

ទន្ទឹមនឹងនេះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់សមាជិកសមាគមន៍ និងមន្រ្តីសុខាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការតាមដានផ្ទៃពោះរបស់ស្រ្តីជាម្តាយ យ៉ាងតិច ៤ដង , ត្រូវពិនិត្យ និងតាមដានសុខភាពស្រ្តីមានផ្ទៃពោះ ពីជំងឺផ្សេងៗ , ស្នើប្រធានមណ្ឌលសុខភាព និងប្រធានមន្ទីរពេទ្យ ចុះទៅពិនិត្យកន្លែងសម្រាលឲ្យបានញឹកញាប់ និងរាយការណ៍រាល់ថ្ងៃអំពីការសម្រាល , ការពង្រឹងសមត្ថភាពបច្ចេកទេសឲ្យកាន់តែប្រសើរ , ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់ក្នុងការជួយសង្រ្គោះជីវិតទារកដែលទើបនឹងកើត , ថ្នាក់ដឹកនាំគ្រប់អង្គភាពសាធារណៈ និងឯកជន ត្រូវយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវឲ្យបានខ្ពស់ ក្នុងការដឹកនាំដោះស្រាយបញ្ហា , ត្រូវយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាព ម្តាយ និងទារក ក្រោយពេលសម្រាល ដែលជាការចាំបាច់ ។

លោកថា ជាមួយគ្នានេះ ក៏ត្រូវធ្វើការណែនាំស្រ្តីមានផ្ទៃពោះ កុំឲ្យប្រើប្រាស់ស្រាថ្នាំមិនមានប្រភព ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារក ជាពិសេសណែនាំស្រ្តីមានផ្ទៃពោះ កុំឲ្យប្រើប្រាស់ឱសថដោយគ្មានការពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញ។

បន្ថែមពីលើនេះទៀត លោករដ្ឋមន្រ្តីសុខាភិបាលក៏បានផ្តាំថា ក្រុមគ្រូពេទ្យត្រូវជួយពង្រឹងភាពម្ចាស់ការ ធ្វើយ៉ាងណាបង្កើនទំនុកចិត្តដល់ប្រជាជនឲ្យមកទទួលសេវានៅកម្ពុជា បន្ថយការទៅព្យាបាលនៅបរទេស៕
