ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ណែនាំកម្លំាងចម្រុះ ត្រូវបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម  ក្នុងការបង្ក្រាបបទល្មើស ធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព!

កំពង់ធំ: នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង  អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ​អ៊ូ​ ឆេង​កន​ មេបញ្ជាការ​រង​ បានដឹកនាំសហការី​ ទៅសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំការងារនិងប្រគល់ភារកិច្ច  ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនកងកម្លាំងចម្រុះប្រចាំការ​ ការពារទប់ស្កាត់និង បង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ  ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ភ្នំប្រង់  ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះទីបញ្ជាការស្រាលទាំងពីរ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិនៅក្នុងតំបន់ភ្នំប្រង់ និងតំបន់ជាំក្របី ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារទប់ស្កាត់ មិនឲ្យមានកើតឡើងជាថ្មី នូវបទល្មើសកាប់ទន្ទ្រានដីព្រៃ របស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។ ជាមួយនោះដែរ ក៏បានចូលរួមទប់ស្កាត់ ការពារដីព្រៃរបស់រដ្ឋ ដែលជនល្មើសលួចកាប់ ទន្ទ្រានកន្លងទៅ មិនឱ្យមានការបាត់បង់ទៅវិញ ឬមានការដាំដុះជាថ្មីជាកម្មសិទ្ធិឯកជន របស់បុគ្គលណាបានឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ រួមជាមួយអាជ្ញាធរដែនដី​ឃុំ​ ភូមិ​ និង​ស្រុកប្រាសាទបល្ល័ង្ក ត្រូវខិតខំអប់រំផ្សព្វផ្សាយ​ច្បាប់​ លិខិត​បទដ្ឋាន​នានា​ ដែល​នៅ​ជា​ធរមាន​ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់​ជ្រួតជ្រាប​ ដេីម្បកុំឲ្យមានការកាប់ទន្ទ្រាន ឬដាំដុះលើដីរបស់រដ្ឋ ដែលរដ្ឋកំពុងគ្រប់គ្រង និងផ្ទៃដីដែលតុលាការបានចេញដីកាដកហូតជាសម្បត្តិរដ្ឋ រួចហើយ ដើម្បីជៀសវាងបញ្ហាប្រឈម ចំពោះមុខច្បាប់ ហើយត្រូវគ្រប់គ្រង ឲ្យបាន មិនឲ្យមានភាពអាណាធិបតេយ្យ ការកាប់ទន្ទ្រានឬ ដាំដុះលើដីរបស់រដ្ឋ បានទៀតជាដាច់ខាត ។ ក្នុងករណីមេខ្លោងឬជនល្មើស នៅតែរឹងទទឹងទន្ទ្រានកាន់កាប់ដីរបស់រដ្ឋ ដែលខុសច្បាប់  ត្រូវកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់នូវប្រេងសាំងចំនួន៣០០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីចំនួន៦កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន៨យួរ និងត្រីខកំប៉ុងចំនួន៦យួរ  ជូនដល់កងកម្លាំងចម្រុះទីបញ្ជាការស្រាលទាំងពីរ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ដើម្បីបន្តសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព និងគ្មានការដកថយឡើយ៕ដោយសំនៀង

To Top