ភ្នំពេញ ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារផ្តាំទៅ លោក Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃដែលប្តឹងសម្តេចតេជោជុំវិញសារបែកធ្លាយសំឡេង សន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រាថា កំពុងលេងល្បែងកូនក្មេង ដើម្បីបោកបញ្ឆោតមតិ សាធារណជនខ្លួនឯងហើយ ។
ការលើកឡើងរបស់លោក ជា ធីរិទ្ធនេះ បន្ទាប់ពីអគ្គលេខាធិការរង នាយករដ្ឋមន្រ្តីនាយករដ្ឋមន្រ្តីថៃ បានដាក់បណ្តឹងទៅ ការិយាល័យស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) របស់ថៃកាលពីសប្តាហ៍មុន អំពីការបែកធ្លាយសំឡេងសន្ទនា ជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧នាទី។
លោក ជា ធីរិទ្ធ តាមរយៈបណ្តាញតេឡេក្រាម នារាត្រីថ្ងៃ២៣ មិថុនា គូសបញ្ជាក់ថា “ខ្ញុំសូមផ្តាំទៅ លោក Somkid Chueakong អគ្គលេខាធិការរង នាយករដ្ឋមន្រ្តីថៃ ដែលប្តឹងសម្តេចតេជោ រឿងសំឡេងសន្ទនា រវាងសម្តេចនិងនាយករដ្ឋមន្រ្តីថៃថា លោកឯងកំពុងលេងល្បែងកូនក្មេង បោកបញ្ឆោតមតិសាធារណជនខ្លួន ដើម្បីការពារ និងបិទបាំងនូវភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីលោកឯងតែប៉ុណ្ណោះ” ។
អ្នកនាំពាក្យសម្តេចតេជោ ឌឺដងទៅលោក Somkid Chueakong ទៀតថា ដូច្នេះសូមអញ្ជើញ ប្តឹងទៅ ហើយបើលោកពិត ជាចិត្តសឿងមែន កុំអុងអាត់ប្តឹងត្រឹមតែនៅក្នុងប្រទេសថៃ ប៉ុន្តែបើខ្លាំងមែនប្តឹងទៅតុលាការអន្តរជាតិទៀតទៅ ។
ប៉ុន្តែទោះបីជាយ៉ាងណា លោក ជា ធីរិទ្ធបានអះអាងទុកជាមុនថា គឺលោក Somkid Chueakong មិនហ៊ានប្តឹងទៅតុលាការអន្តរជាតិនោះទេ ដោយសារក្រុមលោក Somkid Chueakong ខ្លាចច្បាប់អន្តរជាតិណាស់ ។ ម្យ៉ាងទៀត ពួកអស់លោកក៏នៅភ័យញ័រមិនទាន់បាត់ផង រឿងកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ជាមួយគ្នានេះដែរ លោក ជា ធីរិទ្ធ ក៏បានផ្តាំទៅ លោក Temeeyaves មេបក្ស Seri Ruam Thai ដែលបានប្តឹង សម្តេចតេជោ មួយករណីទៀត ពាក់ព័ន្ធករណីឃាតកម្មលើលោក លីម គីមយ៉ាថា អ្នកនយោយបាយធុនអន់ដូចលោក Temeeyaves ឯងនេះ កុំចង់មកតោងយកប្រជាប្រិយភាព របស់សម្តេចតេជោ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ព្រោះទៅមិនរួចទេ ដោយសារលោកធ្វើនយោបាយប្រជាភិថុតិខ្លាំង បានតែរឿងប្រឌិតបោកប្រាស់ប៉ុណ្ណោះ ៕
