ភ្នំពេញ ៖ ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីៗនេះ បានចាប់ដៃគូ និង ចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគ យល់គ្នា ជាមួយក្រសួងបរិស្ថាន គាំទ្រដល់យុទ្ធនាការ “ពន្លកបៃតង” ។ កិច្ចសហការនេះ គាំទ្រ និងពង្រីកកម្មវិធីដាំកូនឈើ នៃយុទ្ធសាស្ត្រកម្ពុជាបៃតង ដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងការងារទំនួល ខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ។
គំនិតផ្តួចផ្តើមនេះបង្ហាញកាន់តែច្បាស់ ពីការប្តេជ្ញាចិត្តបន្ត បន្ទាប់របស់ក្រុមហ៊ុន ដើម្បីជួយបង្កើនគម្របព្រៃឈើ និងសម្រេចអព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០ របស់ប្រទេសកម្ពុជា ។
ជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍ នឹងផ្តល់ទឹកប្រាក់ ១០០.០០០ (ដប់ម៉ឺន) ដុល្លារអាម៉េរិក សម្រាប់រយៈពេល ៤ ឆ្នាំ (២០២៥-២០២៨) គាំទ្រ ដល់ថ្នាលបណ្តុះកូនឈើរបស់ក្រសួង ដែលមានគោលបំណង បណ្តុះកូនឈើ ៣ លានដើម សម្រាប់ចែកចាយ និងដាំនៅទូទាំងប្រទេសកម្ពុជា ដែលជាគោលដៅប្រកាស ដោយក្រសួងកាលពីពេលថ្មីៗនេះ ។

ចាប់ផ្តើមក្នុងឆ្នាំ២០២៣ យុទ្ធនាការ “ពន្លកបៃតង ” របស់ក្រសួង គឺជាគំនិតផ្តួចផ្តើម ដែលផ្តោតទៅលើការបង្កើន គម្របព្រៃឈើ និងជំរុញការដាំស្តារឡើងវិញ និងរួមបញ្ចូលការចែកចាយកូនឈើ បង្កើតថ្នាលបណ្តុះកូនឈើនៅតាមតំបន់ និងការលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់ នៃការដាំកូនឈើដល់សាធារណជន ។ យុទ្ធនាការនេះមានគោលបំណង ដាំស្តារកូនឈើឡើងវិញ ការពារជីវៈចម្រុះ និងលើកស្ទួយវប្បធម៌ នៃការគាំពារបរិស្ថាន ទូទាំងប្រទេស ។
នៅក្នុងពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ ចំពោះការសហការជាមួយក្រសួង ដើម្បីពង្រីកគម្របព្រៃឈើ តាមរយៈយុទ្ធនាការ “ពន្លកបៃតង” ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ចក្ខុវិស័យ នៃភាពជាអ្នកដឹកនាំ គឺផ្តោតទៅលើភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍របស់ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអំពាវនាវអំពី “ឆ្នេរសមុទ្រគ្មានប្លាស្ទិក” និង “ទេសចរម្នាក់ ដើមឈើមួយដើម” ។ លោករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តកេរដំណែលនេះ និងធ្វើឱ្យប្រទេសកម្ពុជា កាន់ស្រស់បំព្រង និងបៃតងព្រមទាំងលើកទឹកចិត្ត ផ្តល់គុណតម្លៃនៃព្រៃឈើផងដែរ ។

លោករដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា “ដោយធ្វើការរួមគ្នា ជាមួយដៃគូ ដូចជាក្រុមហ៊ុនណាហ្គាវើលដ៍ យើងអាចពង្រីកកិច្ច ខិតខំប្រឹងប្រែង ដាំស្តារកូនឈើឡើងវិញ ពង្រឹងការចូលទៅជិតសហគមន៍ និងសម្រេចគោលដៅបៃតង ស្អាត និងអព្យាក្រឹតកាបូនក្នុងប្រទេសកម្ពុជា កាន់តែឆាប់រហ័ស”។
មានមតិទៅលើការសហការនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយស ដែលបានសហការជាមួយក្រសួង និងគាំទ្រដល់យុទ្ធនាការពន្លកបៃតង ជាយុទ្ធនាការបណ្តុះ និងចែកចាយកូនឈើសម្រាប់ដាំស្តារឡើងវិញ ទូទាំងប្រទេសកម្ពុជា” ។
លោកបានបន្ថែមថា “ក្នុងនាមជាក្រុមហ៊ុន យើងទទួលស្គាល់តួនាទី របស់យើង ក្នុងការជួយប្រទេសកម្ពុជា បង្កើនគម្រប ព្រៃឈើដល់ ៦០% និងសម្រេចអព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០ ដែលនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដ៏ធំជាច្រើន ទៀតរបស់យើង ។ រាល់កូនឈើ ដែលត្រូវបានដាំ នឹងជួយសម្រេចគោលបំណង ដែលបានកំណត់ខាងលើ។ ដូចពាក្យស្លោក នៃប្រទេសក្រិចបុរាណបានបញ្ជាក់ថា “សង្គមរីកលូតលាស់ល្អនៅពេលមនុស្ស ចាស់ដាំដើមឈើ ដែលគាត់ប្រហែលមិន បានជ្រកម្លប់ដើមឈើនោះឡើយ មានន័យថា ប្រសិនបើគាត់មិនអាចជ្រកម្លប់ដើម ឈើដែលគាត់បានដាំ ម្លប់ឈើនោះនឹងផ្តល់ម្លប់ ដល់កូនចៅជំនាន់ក្រោយ”។ គាត់បានបញ្ជាក់ម្តងទៀត អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការសហការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញចក្ខុវិស័យ របស់ប្រទេសកម្ពុជា ដើម្បីភាពកាន់តែស្រស់បំព្រងសម្រាប់ទាំងអស់គ្នា” ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បេះដូងសប្បុរស បានកំណត់គោលដៅ ដាំកូនឈើ ឱ្យបាន ៣០.០០០ (៣ ម៉ឺន) ដើមដោយសហការ ជាមួយក្រសួងបរិស្ថាន សហគមន៍មូលដ្ឋាន សាលារៀន និងអង្គភាពបរិស្ថាន ពាក់ព័ន្ធជាច្រើនទៀត ។ លើសពីនេះ ណាហ្គាវើលដ៍ ក៏បានសន្យាឧបត្ថម្ភ ១ ដុល្លារអាម៉េរិក ដល់កម្មវិធីដាំកូនឈើ សម្រាប់រាល់ការកក់បន្ទប់ស្នាក់នៅ សណ្ឋាគាររបស់ភ្ញៀវក្នុងឆ្នាំ២០២៥ ផងដែរដែលអនុញ្ញាតឱ្យភ្ញៀវ ចូលរួមដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថាន ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ ។
ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពជាច្រើន ដែលផ្តល់ប្រយោជន៍ដល់ កិច្ចការពារបរិស្ថាន អប់រំ កីឡា និងការអភិវឌ្ឍសហគមន៍។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំពារបរិស្ថាន ត្រូវបានឆ្លុះបញ្ចាំងតាមរយៈគំនិតផ្តួចផ្តើមជាច្រើនដូចជា កម្មវិធីសាលារៀន និងបរិស្ថានបៃតង កម្មវិធីសាប៊ូនៃក្តីសង្ឃឹម កម្មវិធីនិរន្តរភាពកម្ពុជា និងការគ្រប់គ្រងកាកសំណល់ ៥R ជាដើម។ គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់ប្រយោជន៍ ដល់ប្រជាជនជាង ១៧០.០០០ នាក់តាមរយៈសកម្មភាព ៤៥៧ គិតមកដល់បច្ចុប្បន្ន ។
សូមរំឭកថា កាលពីពេលថ្មីៗនេះ ណាហ្គាវើលដ៍បេះដូង សប្បុរសបានដាំកូនឈើ ៨.០០០ (៨ ពាន់) ដើមនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និង សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោបក្នុងខេត្តកោះកុង ។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍ បេះដូងសប្បុរស បានរៀបចំសកម្មភាព ដាំកូនឈើ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តចំនួន ៩ ផ្សេងទៀត រួមមានខេត្ត កំពង់ស្ពឺ កំពត ពោធិ៍សាត់ កោះកុង ព្រៃវែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងតាកែវ៕
