ព័ត៌មានជាតិ

មូលនិធិចែករំលែកសង្រ្គោះជីវិត សកលរបស់កូរ៉េ រួមចំណែកជាមួយ ក្រសួងសុខាភិបាលខ្មែរ គាំទ្រផ្នែកសុខភាព

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានឲ្យដឹងថា មូលនិធិចែករំលែក សង្រ្គោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ បានគាំទ្រនិងចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលថ្នាក់ ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺ ឲ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស ។

ក្នុងឱកាសអនុញ្ញាតឲ្យលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិចែករំលែក សង្រ្គោះជីវិត សកលនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នាថ្ងៃ២៣ មិថុនា លោកសាស្ត្រាចារ្យ ឈាង រ៉ាបានថ្លែងអំណរគុណមូលនិធិ ចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែក ជាមួយក្រសួងសុខាភិបាល ក្នុងការបានផ្តល់ជាអំណោយមនុស្សធម៌ តាមរយៈព្រឹទ្ធសភាកម្ពុជា ។ ក្នុងនោះរួមមាន ៖ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់មួយចំនួនដើម្បីគាំទ្រផ្នែកសុខភាព ក្នុងពេលកន្លងមក ។

លោក គីម ជុងណាម ប្រធានមូលនិធិ បានថ្លែងអំណរគុណសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះកិច្ចពិភាក្សាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ជាពិសេស ការគាំទ្រផ្តល់អាហារូបករណ៍ សិក្សាបន្តថ្នាក់ឯកទេសជំនាញ ផ្នែកសល្យសាស្ត្រឆ្អឹង និងផ្នែកសល្យសាស្ត្រប្រព័ន្ធ ប្រសាទ ដល់វេជ្ជបណ្ឌិត១០រូបក្នុងមួយឆ្នាំនៅសាធារណរដ្ឋកូរ៉េ ។ លោកក៏ស្នើឲ្យមានកិច្ចពិភាក្សា អំពីការងាររៀបចំប្រព័ន្ធ សង្គ្រោះបន្ទាន់សម្រាប់ជួយពង្រឹងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺ តាមរយៈប្រព័ន្ធ AI ដើម្បីបង្កើនលទ្ធភាពប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឲ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុន និងពិភាក្សាគម្រោងការងារក្នុងការផ្គត់ផ្គង់ និងចែកចាយឱសថនៅកម្ពុជាផងដែរ ។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ដែលមូលនិធិបានលើកឡើង ដោយសុំជូនការពិភាក្សាលម្អិតជាមួយជំនាញពាក់ព័ន្ធនីមួយៗ ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពក្នុងការអនុវត្ត ។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ បានពង្រីកកិច្ច សហប្រតិបត្តិការ ដែលពិត ជាបានជួយពង្រឹង ទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែក ក្នុងការអភិវឌ្ឍ សុខាភិបាល ឈានទៅសម្រេច បាននូវការគ្របដណ្តប់សុខភាព ជាសកល៕

To Top