ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំអំណោយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នូវឯកសណ្ឋានប្រយុទ្ធ ២,០០០ កំប្លេ ផ្ដល់ ជូនកងកម្លាំង នគរបាលខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសំណេះសំណាល និងនាំអំណោយជា ឯកសណ្ឋានប្រយុទ្ធ ២,០០០ កំប្លេ ដែលជាអំណោយ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់ជូនកងកម្លាំង នគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ឯកសណ្ឋានប្រយុទ្ធនេះ សុទ្ធតែជាផលិតផលថ្មី ផ្ដល់ជូនបងប្អូនកងកម្លាំងប្រដាប់អាវុធ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ ប្រកបដោយឆន្ទៈមោះមុត នៅក្នុងបុព្វហេតុជាតិ មាតុភូមិ និងការ ការពារបូរណភាពទឹកដី និងរក្សាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់ល្អ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា បច្ចុប្បន្នសភាពការណ៍នៅព្រំដែនកម្ពុជា ថៃ ចាប់ពីទិសមុំបី រហូតមកដល់ប្រាសាទ តាមាន់ តាក្របី និងតាមបណ្ដាខេត្តផ្សេងទៀត ដល់ខេត្តពោធិ៍សាត់ គឺមានការវិវត្ត នូវភាពស្មុកស្មាញ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាមទារចាំបាច់ នូវការអន្តរាគមន៍ ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលមានកងយុទ្ធពលខេមរភូមិន្ទ រួមជាមួយកម្លាំងនគរបាលជាតិ ។ ដូច្នេះទាមទារឱ្យកម្លាំងរបស់យើង យកចិត្តទុកដាក់ខ្ពស់ ដើម្បីរួមសហការជាមួយ កម្លាំងនៅតាមព្រំដែន និងកម្លាំងនៅតាមភូមិភាគទី ៥ ។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះ ថ្លែងកោតសរសើរដល់ លោកឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្ត ដែលបានរៀបចំកម្លាំង អន្តរាគមន៍ ២កងអនុសេនាតូច និងបានហ្វឺកហ្វឺន បន្ថែមដល់កងកម្លាំង និងបានបំពាក់សម្ភារៈសពាវុធ ត្រៀមរួចជាស្រេច រង់ចាំទទួលតែបទបញ្ជាប៉ុណ្ណោះ។

To Top