ព័ត៌មានជាតិ

លោក អ៊ុំ រាត្រី ៖ ថៃបិទច្រកព្រំដែន ជាឯកតោភាគីទាំងស្រុង

ភ្នំពេញ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា កងទ័ពថៃ បានសម្រេចបិទច្រកទ្វារព្រំដែន ជាឯកតោភាគីទាំងស្រុងហើយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ នៅគ្រប់ច្រកទាំងអស់ ដែលនៅជាប់ជាមួយខេត្តបន្ទាយមានជ័យ។

តាមរយៈវិដេអូផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃ២៤ មិថុនានេះ លោក អ៊ុំ រាត្រី គូសបញ្ជាក់ថា កងទ័ពថៃ បានបិទច្រក ដោយឯកតោភាគី មិនអនុញ្ញាតឲ្យមានការចរាចរចេញ-ចូល ដូចមុនទៀតទេ ប៉ុន្តែក្នុងករណីសិស្សានុសិស្ស ដែលមានឪពុកម្តាយ ជាអ្នករកស៊ីលក់ដូរ ក្នុងផ្សាររ៉ុងក្លឿ និងអ្នកជំងឺអនុញ្ញាតឲ្យចេញ-ចូលជាធម្មតាបាន តែក៏មានពេលវេលា ក្នុងការកំណត់ដែរ ។

លោកគូសបញ្ជាក់ថា “ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមជម្រាបថា ភាគីថៃទេ អ្នកបង្កហេតុនេះ មិនមែនកម្ពុជាយើងទេ ។ កម្ពុជា យើងអត់ដែលមានបំណងបិទច្រក នៅពេលណានោះទេ ប៉ុន្តែថៃ បានប្រកាសយប់មិញនិងរសៀលថ្ងៃម្សិលមិញ គេចេញព័ត៌មាន ជូនទៅដល់កងកម្លាំងគេ នៅតាមព្រំដែន មិនមែនតែខេត្តបន្ទាយមានជ័យទេ ព្រំដែនកម្ពុជា-ថៃមាន៧ខេត្តគឺគេបិទទាំងអស់ ។ ដូចបងប្អូនដឹងស្រាប់ហើយ កន្លែងនេះ (ប៉ោយប៉ែត)ភាគីថៃ បើកម៉ោង៨ យើងបើកម៉ោង៩ រហូតដល់ម៉ោង៨ហើយ គេនៅអត់បើក ។ អីចឹងបញ្ជាក់ជូនថា ពីពេលនេះទៅគេបិទច្រកព្រំដែន ទាំងស្រុង”។

លោកអភិបាលខេត្ត ក៏បានស្នើឲ្យប្រជាពលរដ្ឋ ដែលមានបំណងឆ្លងទៅថៃ មិនបាច់មករងចាំទៀតទេនៅច្រកទ្វារប៉ោយប៉ែតនេះ ព្រោះភាគីថៃ បានសម្រេចបិទជាឯកតោភាគីហើយ ។ លោកថា បើមានអ្វីប្រែប្រួលយ៉ាងណា លោកនឹងជូនដំណឹងទៅតាមអភិបាលក្រុង-ស្រុកនានា ដើម្បីបន្តដំណឹងទៅពលរដ្ឋ ។

សម្រាប់ពលរដ្ឋខ្មែរ ដែលជាអាជីវករលក់ដូរនៅផ្សាររ៉ុងក្លឿវិញ លោក អ៊ុំ រាត្រី គូសបញ្ជាក់ថា កំពុងសម្របសម្រួល និងពិភាក្សាជាមួយភាគីថៃ អំពីការធ្វើដំណើរទៅវិញទៅមកសម្រាប់ការលក់ដូរ ។

សូមបញ្ជាក់ថា ភូមិសាស្រ្តខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡា១៥៣គីឡូម៉ែត្រ ជាប់ជាមួយខេត្តស្រះកែវ ប្រទេសថៃដែលមាន៥ក្រុង-ស្រុក ។ ក្នុងនោះមានច្រកព្រំដែនអន្តរជាតិពីរគឺប៉ោយប៉ែត និងស្ទឹងបត់ ។ ច្រកតំបន់មាន២ គឺម៉ាល័យ និងបឹងត្រកួន ៕

To Top