កំពង់ធំ ៖ ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីជំនាញ មន្ត្រីកសិកម្មឃុំ ភ្នាក់ងារសុខសត្វភូមិ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ និងនិស្សិតវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋបានចំនួន២៥០ក្បាល ស្ថិតនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។

លោក ចាន់ បញ្ញាវ័ន្ដ បានលើកឡើងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋជាលទ្ធផលសម្រេច ចាក់បានសត្វគោក្របីសរុប២៥០ក្បាល ក្នុងនោះសត្វគោបានចំនួន១៥០ក្បាល និងសត្វក្របីចំនួន១០០ក្បាល និងបានផ្តល់ជូនថ្នាំព្យាបាល និងវ៉ាក់សាំងសាទឹក១.០០០កម្រិត ដល់មន្ត្រីបសុព្យាបាលស្រុក ភ្នាក់ងារសុខភាព សត្វភូមិ សម្រាប់ចុះចាក់ និងព្យាបាលសត្វក្នុងមូលដ្ឋាន របស់គាត់ផងដែរ។

លោក ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោ ក្របី មកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ បន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង និងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុក សម្រាប់សត្វ និងនាំសត្វទៅរកទីទួលសុវត្ថិភាពនារដូវទឹកជំនន់នេះ ប្រសិនបើមានសត្វឈឺ ក្នុងករណីសង្ស័យត្រូវរាយការណ៍ ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារជំនាញចុះធ្វើការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វ ឱ្យបានទាន់ពេលវេលា ៕ ដោយសំនៀង

