ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ភាពពិសពុលរបស់រដ្ឋាភិបាល និងយោធាថៃ បង្ហាញឲ្យឃើញច្បាស់ក្រឡែត

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ភាពពិសពុលប្រកបដោយកលល្បិលរបស់រដ្ឋាភិបាលថៃនិងយោធាថៃ បានបង្ហាញឲ្យយ៉ាងច្បាស់តាមការកាឡៃនូវរឿងរ៉ាវផ្សេងៗ ហើយបែរជាមកចោទប្រកាន់កម្ពុជាទៅវិញពាក់ព័ន្ធបញ្ហាព្រំដែន ។

តាមរយៈការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃ របស់ថៃមកលើកម្ពុជាកាលពីពេលថ្មីៗនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា ភាពពិសពុលទាំងមេដឹកនាំថៃនិងយោធាថៃបានស្តែងឡើងតាមរយៈពេលដែលមានជម្លោះផ្ទៃក្នុងប្រទេសខ្លួនបានទាញភ្ជាប់ជាមួយព្រំដែនកម្ពុជា-ថៃ ។

លោកបញ្ជាក់ថា “ភាពពិសពុល ចរឹកខូចរបស់រដ្ឋាភិបាលនិងកងទ័ពថៃបានស្តែងឡើងយ៉ាងច្បាស់លាស់មែនទែន ។ មុនដំបូងរុញរឿងព្រំដែន ឲ្យតែមានជម្លោះផ្ទៃក្នុងរបស់ខ្លួនក្នុងការដណ្តើមអំណាចរវាងរដ្ឋាភិបាល និងយោធាថៃតែងតែបានរុញមកព្រំដែនកម្ពុជា យកកម្ពុជាជាចំណាប់ខ្មាំង ដើម្បីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ដើម្បីមានលេសចោទរដ្ឋាភិបាលគ្រប់គ្រងបូរណភាពទឹកដីមិនបាន ចឹងទេយោធាត្រូវតែធ្វើរដ្ឋប្រហារដណ្តើមអំណាច ។ នេះជាទម្លាប់យូរហើយ ដែលតែងតែកើតមាន ។ ជម្លោះលើកមុនរឿងប្រាសាទព្រះវិហារដូចគ្នាដែរ ។ ឥឡូវកើតមឡើងដដែលបង្ករឿង ហើយរុញមកឲ្យកម្ពុជាជាអ្នកចូលរួមពាក់ព័ន្ធ”។

លោក ប៉ែន បូណាបន្តថា សរុបជារួមមក កម្ពុជារងគ្រោះពីការចោទប្រកាន់របស់រដ្ឋាភិបាល និងយោធាថៃដែលបាននិងកំពុងធ្វើសកម្មភាពដូចសព្វថ្ងៃនេះ ។ លោកក៏បានមើលឃើញពីចរឹករបស់មន្រ្តីរដ្ឋាភិបាលនិងយោធាថៃថា គឺជាចរឹកកូនក្មេងដែលចាំតែអង្គុយបង្ករឿងជាមួយកម្ពុជា ។

ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាក៏បានផ្តល់អនុសាសន៍ទៅភាគីថៃថា គួរតែបញ្ឈប់សកម្មភាពបង្កព្យុះភ្លៀងជាមួយកម្ពុជាបន្តទៀតទៅពាក់ព័ន្ធបញ្ហាព្រំដែនដែលបានទាញភ្ជាប់ទៅករណីនេះករណីនោះមកចោទប្រកាន់កម្ពុជាដោយគ្មានទិសតំបន់៕

To Top