ភ្នំពេញ ៖ បង្គោលតម្រុយ នៃគម្រោងព្រែកជីកហ្វូណនតេជោ ចំនួន៥៥០បង្គោល ស្ថិតនៅភូមិសាស្រ្តឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានបោះបញ្ចប់ហើយនៅព្រឹកថ្ងៃទី២៤ មិថុនានេះ ។

ក្នុងឱកាសចុះពិនិត្យការ បោះបង្គោលតម្រុយ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ២៤ មិថុនា លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា កន្លងមកមានការលើកឡើង នូវមន្ទិលសង្ស័យ ពីគម្រោងព្រែកជីក ហ្វូណនតេជោថា ដើរដល់ណាហើយ? ប៉ុន្តែឥឡូវនេះគម្រោងបោះបង្គោល តម្រុយឆ្លងកាត់ខេត្តតាកែវ បានបិទបញ្ចប់ហើយ ។

ជាមួយគ្នានេះ អភិបាលខេត្តតាកែវ បានអំពាវនាវពលរដ្ឋត្រូវជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងសាសង់ព្រែកជីកហ្វូណនតេជោ ព្រោះនៅពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា លើវិស័យដឹកជញ្ជូន ពីព្រែកជីកនេះ ទៅកាន់សមុទ្រ បានយ៉ាងឆាប់រហ័ស ។ ដោយឡែកសម្រាប់ខេត្តតាកែវ ដែលជាខេត្តឆ្លងកាត់ នៃព្រែកជីកហ្វូណនតេជោនេះ ក៏នឹងទទួលបានផ្លែផ្កា នៃការរីកចម្រើន សេដ្ឋកិច្ច របស់ខេត្តកាន់តែច្រើនថែមទៀតជាក់ជាពុំខាន។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៦ និង១៧ឃុំ មានបង្គោលតម្រុយសរុប ៥៥០បង្គោល ដែលត្រូវបានបិទបញ្ចប់ការបោះបង្គោលត្រឹមថ្ងៃទី២៤ មិថុនា ៕



