ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែល មានលោក ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី បានបង្ហាញស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះយន្ដការរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាលើបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេរភាគីដើម្បីថែរក្សាថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង់ ព្រមទាំងបានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទដែលកំពុងឈរជេីងការពារបូរណភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនមិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ។
ការបង្ហាញជំហរនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សម្ដេច គូសបញ្ជាក់ថា «កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
រាជរដ្ឋាភិបាល នឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ»៕
