ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែ ខាងមុខ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាមការស្មានរបស់សម្ដេច ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយ សម្ដេច ក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែ សម្ដេច មិននិយាយទេ ទុកឲ្យឆ្ងល់។

តាមរយៈ Comment នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានសរសេរថា «ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខាន Facebook របៀបណាខ្លះ?»

សម្ដេច បន្ដថា តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំ នៅក្រុងបាងកក ដើម្បីចូលមករំខាន។ ការបង្កហេតុមិនមែនគ្រាន់តែធ្វើការ ឈ្លានពានទឹកដីទេ សូម្បីតែ Facebook ក៏វាមករំខានដែរ។ រឿងនេះយើងអាចវាយតម្លៃបានគឺពួកគេកំពុង ផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។

សម្ដេច គូសបញ្ជាក់ថា «តាមការស្មានរបស់ខ្ញុំថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។ សូមពួកអ្នកប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»៕

To Top