កំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដេីម្បីពិភាក្សា និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ដែលត្រូវអនុវត្តន៍ ចំពោះមុខ និងយូរអង្វែង តាមផែនការដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបានប្រគល់ជូន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះបងប្អូនក្រុមការងារទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលថ្នាកដឹកនាំក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុកបានប្រគល់ជូន ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនដែលត្រូវអនុវត្តន៍បន្ត ទី១. ត្រូវរួមគ្នាជាមួយអាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ និងស្ថាប័នជំនាញពាក់ព័ន្ធ ដេីម្បីបន្តធ្វើវេទិកាសាធារណៈ ក្តាប់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមជូនប្រជាពលរដ្ឋយើង ។ ទី២. ត្រូវបន្តរួមគ្នាទៅបម្រើប្រជាពលរដ្ឋ តាមអ្វីដែលអាចធ្វើទៅបាន និងទី៣. ផ្សព្វផ្សាយ និងចូលរួមអនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធានាសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង ៕
ដោយ៖ សំនៀង
