ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជំរុញមន្រ្តីសុខាភិបាលធ្វើខ្លួនឲ្យក្លាយ ជាបុគ្គលិកសុខាភិបាល ប្រកបដោយគុណភាពពិតប្រាកដ

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងវេទិការចែករំលែក ភាពជាអ្នកដឹកនាំ នារសៀលថ្ងៃ២៤ មិថុនា បានជំរុញឲ្យមន្រ្តីសុខាភិ បាលទាំងអស់ឆ្លុះបញ្ចាំង និងធ្វើខ្លួនឲ្យក្លាយជាបុគ្គលិក សុខាភិបាលប្រកបដោយគុណភាពពិតប្រាកដ នៅតាមអង្គភាពរបស់ខ្លួន។

ក្នុងវេទិកាធ្វើបឋកថានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនមន្រ្តីសុខាភិបាលនៅមូលដ្ឋានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន និងបាននាំយកការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលជូនដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួមគ្នាជាមហាសាមគ្គីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី។ ជាការឆ្លើយតបនឹងការកោតសរសើររបស់រាជរដ្ឋាភិបាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត ដោយប្រកាន់យកគោលការណ៍បម្រើសេវាថែទាំសុខ ភាពជូនប្រជាពលរដ្ឋឲ្យអស់ពីកំលាំងកាយចិត្ត សំដៅកសាងខ្លួនឲ្យក្លាយជាកំលាំងពិត គុណភាពពិតប្រាកដរបស់វិស័យសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានលើកយកអត្ថន័យនៃភាពជាអ្នកដឹកនាំចំនួន២គឺ៖ ១) អ្នកដឹកនាំត្រូវផ្តោតទៅលើគោលដៅរួមដែលនឹងនាំយកនូវផលប្រយោជន៍ ជូនដល់ក្រុមការងារ និងសង្គមទាំងមូល និង ២)អ្នកដឹកនាំជាអ្នកសម្រេចចិត្ត និងជាអ្នកគូរផ្លូវសមស្របដើម្បីសម្រេចគោលដៅរួមនោះ។

សាស្រ្តាចារ្យក៏បានរំលឹកឡើងវិញ អំពីខ្លឹមសារសំខាន់ៗនៃបដិសំយោគរូបធាតុ រួមមាន សម្ព័ន្ធភាពជាសកល និងការវិវត្តនៃវិចារវិជ្ជា សម្ភារៈនិយម ដែលគោលគំនិតនេះមានភាពចាំបាច់សម្រាប់ការសិក្សាបន្ថែមក្នុងទ្រឹស្តីទស្សនវិជ្ជា សម្រាប់ការអភិវឌ្ឍនៃការពិចារណារបស់មនុស្ស៕

To Top