ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ៖ ទោះមានការគំរាម និងមើលស្រាល ពីថៃ តែរាជរដ្ឋាភិបាល នៅតែមានឆន្ទៈខ្ពស់ ដោះស្រាយដោយសន្តិវិធី

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងថា ទោះបីជាភាគីថៃធ្វើសកម្មភាព ព្យុះភ្លៀងគំរាមកំហែង និងមើលស្រាលមកលើកម្ពុជា យ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែមានឆន្ទៈខ្ពស់ បន្តដោះស្រាយបញ្ហាព្រំដែន ប្រកបដោយសន្តិវិធី និងភាពចាស់ទុំ។

លោក ហ៊ុន ម៉ានីបានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៥ មិថុនា ថា ថៃបានគំរាម និងមើលស្រាលមក លើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្ត ជាឯកតោភាគី ក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ ដែលបានបង្កឲ្យមានផលប៉ះពាល់ទៅលើជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ រស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ ក្នុងដំណាក់ កាលចុងក្រោយនេះ ក៏មានការបង្កើតសេណារីយោ យុទ្ធសាស្ត្រប្រឌិត ដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញ កម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនា មើលស្រាលមកលើសមត្ថភាព របស់កងយុទ្ធពលខេមរភូមិន្ទ របស់កម្ពុជាក្នុងការការពារ បូរណភាពទឹកដី ។

លោកបន្តថា ទោះបីជាការគំរាម និងមើលស្រាលទាំងអស់នេះ អាចចេញ មកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមជាពលរដ្ឋខ្មែរ ដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ អាចសង្កេតឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរទាំងមូលមានឆន្ទៈខ្ពស់ ក្នុងការដោះស្រាយបញ្ហា ដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីបញ្ចៀស ឲ្យបានការរីករាលដាលបញ្ហាទៅជាជម្លោះរវាងជាតិសាសន៍ ដែលកម្ពុជាពិតជាមិនចង់បាន។

លោក ហ៊ុន ម៉ានី បង្ហាញការជឿជាក់ថា សេចក្តីត្រូវការ របស់ពលរដ្ឋទាំងសងខាងគឺសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ដូចស្ថានភាពមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។ ទោះបីក្នុងស្ថានការណ៍បែបណា និងទោះក្នុងតម្លៃណាក៏ ដោយក៏លោកថា ពិតជាមោទនភាព ចំពោះទឹកចិត្តប្រជាជនកម្ពុជា ដែលពិតជាបង្ហាញឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្តល់ជំនឿនិងការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់កម្ពុជា។

ជាថ្មីម្តងទៀត លោកគាំទ្រជំហរកម្ពុជា ដែលនៅតែព្យាយាមដោះស្រាយបញ្ហា ដោយសន្ដិវិធី ដើម្បីភាពសុខសាន្តនៃប្រទេស និងប្រជាជនទាំងសងខាង ប៉ុន្តែទោះបីជាយ៉ាងណា លោកគាំទ្រការត្រៀមខ្លួន ជានិច្ចរបស់កងទ័ពកម្ពុជា ដើម្បីការពារបូរណភាព ដែនដី ការពារប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្នុងករណីមានការឈ្លានពាន ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ នៃការប៉ះទង្គិចគ្នា មួយប្រាវ រវាងកងទ័ពកម្ពុជា-ថៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥បង្កឡើង ដោយការលួចចូលវាយឆ្មក់បាញ់ប្រហារ មកលើកម្ពុជាមុននោះ បានបណ្ដាលព្រិន្ទបាលឯក សួន រោន បានបាត់បង់ជីវិត ចោលក្រុមគ្រួសារដោយមិនមានថ្ងៃ វិលត្រឡប់វិញឡើយ៕

To Top