ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ ស្ថានប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាគ្នា ពិនិត្យលទ្ធភាព ឱ្យមានជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជា និងកាហ្សាក់ស្ថាន ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត

ការពិភាក្សាគ្នារបស់លោក ហួត ហាក់ និងលោក Kanat TUMYSH ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារបុរីអង្គរ។

ក្នុងជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កានេះ ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នា លើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែង នូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិទេសចរណ៍នាពេលកន្លងមក តាមរយៈកំណើនប្រជាជនកាហ្សាក់ស្ថាន អញ្ជើញមកទស្សនាកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជិត៥.០០០នាក់។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានស្នើនូវគំនិតផ្តួចផ្តើមគោរពអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមសន្និសីទអន្តរជាតិ ដែលគ្រោងរៀបចំ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងឆ្នាំ២០២៦ ខាងមុខ ដែលក្នុងសន្និសីទអន្តរជាតិនោះ គ្រោងនឹងគោរពអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ចែករំលែកអំពីបទពិសោធដ៏មានតម្លែបំផុតរបស់កម្ពុជា គឺដំណើរស្វែងរកសន្តិភាព និងការកសាងនិងអភិវឌ្ឍប្រទេសមួយ ដែលចាប់ផ្តើមពីបាតដៃទទេ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានសាទរនូវគំនិតផ្តួចផ្តើមដ៏ល្អខាងលើ ដែលទទួលស្គាល់និងផ្តល់សារៈសំខាន់ ដល់គុណតម្លៃនៃសន្តិភាព និងការលំបាកក្នុងការស្វែងរកសន្តិភាព ដែលត្រូវការពេលរាប់ឆ្នាំទើបសម្រេចបាន ខណៈពេលដែលពិភពលោកកំពុងស្ថិត ក្នុងភាពផុយស្រួយ នៃជម្លោះ និងសង្រ្គាម។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សា និង ផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ លើការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការថ្មីៗ បន្ថែមទៀត តាមរយៈលទ្ធភាព នៃការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ទ្វេភាគី, ការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់ បទពិសោធរវាងស្ថាប័ន ទេសចរណ៍ នៃប្រទេសទាំងពីរ, ការជំរុញភាពយន្តទេសចរណ៍ (film tourism), និងការពិនិត្យលទ្ធភាព ឱ្យមានជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមាន ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងជំរុញភ្ញៀវទេសចរ រវាងប្រទេសទាំងពីរ ឱ្យកាន់តែច្រើនឡើងបន្ថែមទៀត៕




