ព័ត៌មានជាតិ

ពងកូនក្រពើភ្នំ ចំនួន៤៣ ត្រូវបានរកឃើញទៀត ក្នុងឆ្នាំ២០២៥ នៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ

ភ្នំពេញ ៖ អំឡុងពាក់កណ្តាលដើម ខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និង សហគមន៍មូលដ្ឋាន បានរកឃើញសំបុកពង កូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកប ដោយជោគជ័យ។

ក្នុងចំណោមពង សរុបចំនួន ៤៣ នេះ ពងដែលមានលទ្ធភាពបង្ក កំណើតបានមានចំនួន ៣៤គ្រាប់ ដែលត្រូវបាន យាមការយ៉ាងម៉ត់ចត់ ពីសំណាក់មន្ត្រីជំនាញ និងសហគមន៍មូលដ្ឋាន ហើយពងទាំងនេះរំពឹងថា នឹងញាស់នៅចន្លោះ ខែសីហាខាងមុខនេះ។

ក្រពើភ្នំ គឺជាប្រភេទសត្វជិត ផុតពូជបំផុត នៅក្នុងធម្មជាតិ ។ ការរកឃើញជាបន្តបន្ទាប់រយ:ពេល២ឆ្នាំ ចុងក្រោយនេះបង្ហាញ ពីភាពជោគជ័យ នៃការងារអភិរក្សក្រពើភ្នំរបស់យើង ហើយបញ្ជាក់ថា តំបន់ជួរភ្នំក្រវាញនេះ គឺជាជម្រកដ៏សំខាន់បំផុត សម្រាប់សត្វក្រពើធម្មជាតិ ហើយផ្តល់នូវក្តីសង្ឃឹម សម្រាប់ការកើនឡើង នៃប្រភេទនេះ នៅក្នុងធម្មជាតិ៕

To Top