ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានផ្ញើសារចំហមួយទៅភាគីថៃ ចំពោះការប្រើប្រាស់ល្បិចកលពិសពុលថ្មីស្រឡាងមួយទៀត “បើកតែបិទ” ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឲ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើមវិញទេ ។
បណ្ឌិត ទូច សុឃៈបានលើកឡើងបែបនេះ បន្ទាប់ពីក្រុមទាហានថៃនៅព្រឹកថ្ងៃ២៥ មិថុនានេះ បានបើកសម្រេចបើកច្រកឆង ចម-អូរស្មាច់ ខេត្តឧត្តរមានជ័យ ចាប់បើកពីម៉ោង៦ព្រឹកដល់ម៉ោង២២យប់ ប៉ុន្តែហាមជនបរទេស , នាំទំនិញ , រថយន្ត-ម៉ូតូ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល លើកលែងតែសិស្សសាលា-អ្នកជំងឺធ្ងន់ចេញ-ចូលបាន ដោយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃសំរាប់អ្នកមានលិខិតឆ្លងដែន ។
លោកបណ្ឌិត ទូច សុឃៈ បានលើកឡើងបែបបញ្ចើតបញ្ចើរថា មិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ កាន់តែភ្លឺភ្នែក រាល់ភាពប៉ិនប្រសព្វក្នុងការរៀបល្បិចកិច្ចកលពិសពុល។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ “បើកតែបិទ” ពោលគឺធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឲ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។
លោកថា “សូមសរសើរចេះរកនឹកឃើញ! តែសូមពិចារណាមើលថា បើបើកតែទ្វារច្រក តែមិនឲ្យមនុស្សឆ្លងកាត់ជាសាធារណៈ ជាធម្មតា ជាប្រក្រតី ជាទូទៅដូចកាលមុនខ្លួនបិទដោយឯកតោភាគីនោះ តើនេះជាចរិតមនុស្សអី ឬជារ៉ូបូត? ។ ខ្ញុំចាត់ទុកថា ជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិសពីមហាជនអាវលឿង យុវជនជាបញ្ញវន្ត បណ្ដាបក្សនយោបាយនានា ពិសេសពីយោធាដែលមើលឃើញថា រដ្ឋាភិបាលថៃបច្ចុប្បន្នគ្មានសមត្ថិភាពដឹកនាំគ្រប់គ្រងប្រទេសធ្វើឲ្យបាក់មុខមាត់លើឆាកអន្តរជាតិនោះ” ។
អ្នកនាំពាក្យរងជឿថា គ្មាននរណាម្នាក់គេមិនដឹងអំពីមហិច្ឆតាខុសតម្រា ដែលថៃកំពុងលេងល្បិចថ្មីដោយចេតនាទុច្ចរិតនេះ ដោយធ្វើជាបើកទ្វារច្រកយ៉ាងកម្សត់ តែមិនឲ្យមានការឆ្លងកាត់ជាទូទៅ ដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មាន បំភាន់សាធារណមតិជាតិខ្លួន និងអន្តរជាតិ ដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជាថា បិទច្រកព្រំដែនតែម្ខាង មិនបើកទៅវិញនោះ។
លោកបន្តថា រឿងបិទច្រកតាមទំនើងរបស់ខ្លួននេះ ទំាងប្រជាជនថៃខ្លួនឯងក៏បានដឹងនិងចូលរួមផ្សព្វផ្សាយយ៉ាងផុលផុសទាំងក្នុងនិងក្រៅប្រទេស ទាំងខឹងសម្បាររិះគន់ថ្កោលទោសតវ៉ាប្រឆាំង ព្រោះតែខាតប្រយោជន៍យ៉ាងសម្បើមរបស់ប្រជាជនថៃ ហើយពិភពលោកទាំងមូលក៏បានដឹងនិងស្គាល់មារយាទថៃច្បាស់ជាងថ្ងៃទៅទៀតផង។ ទង្វើថៃបែបនេះកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេ៕
