ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកបណ្ឌិត Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA), សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) និងវិស័យឯកជនជាច្រើនរូប។

កិច្ចសន្ទនាក្នុងព្រឹកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់ វិនិយោគិនកូរ៉េ ដែលកំពុងវិនិយោគនៅកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់ សហគមន៍ធុរកិច្ចកូរ៉េខាងត្បូង ព្រមទាំងជំរុញការវិនិយោគ បន្ថែមទៀតមកកម្ពុជា ។
លោកឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤, ចំនួនគម្រោងវិនិយោគសរុប ដែលបានអនុម័តក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥, ស្ថានភាព នៃចំនួនវិនិយោគពីប្រទេសកូរ៉េ និងវឌ្ឍនភាពនៃបេសកកម្មការងារចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញ នូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី២នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និង ពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនកូរ៉េបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់ បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវអំណរគុណ ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តួចផ្តើមឱ្យមានវេទិកានេះឡើង និងថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្រ្ដី ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ហើយឯកឧត្តមមានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈកិច្ចសន្ទនានាឱកាសនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងកាន់តែមានភាពល្អប្រសើរ ថែមមួយកម្រិតទៀត ។

ជាមួយគ្នានេះដែរ នៅចុងកម្មវិធីតំណាងទីភ្នាក់ងារ ជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) បានធ្វើបទបង្ហាញអំពីជោគជ័យ ដ៏ត្រចះត្រចង់ នៃការរៀបចំព្រឹត្តិការណ៍ “ពិព័រណ៍ម៉ាកយីហោ និងការកម្សាន្តរបស់កូរ៉េ ឆ្នាំ២០២៥” (Korea Brand and Entertainment Expo 2025) កាលពីថ្ងៃទី២០-២១ ខែមិថុនាកន្លងទៅថ្មី ជូនទៅកាន់អង្គពិធីឱ្យបានជ្រាប ។ ជាលទ្ធផល កម្មវិធីពិព័រណ៍រយៈពេល២ថ្ងៃនេះ បានស្រូបទាញអ្នកចូល ទស្សនាសរុបចំនួន ៥ ៣៦០នាក់ ក្នុងនោះមានក្រុមហ៊ុនកូរ៉េចំនួន ៥៥ក្រុមហ៊ុន និងអ្នកបញ្ជាទិញចំនួន ១៣៨នាក់ បានចូលរួម។ អ្នកតំណាង KOTRA បានបន្ថែមថា នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតរបស់កូរ៉េនៅកម្ពុជា ដែលមិនធ្លាប់មានពីមុនមក ហើយបានស្តែងឱ្យឃើញនូវសក្តានុពលនៃទីផ្សារកម្ពុជា និងបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការបន្ត សំដៅចូលរួមពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ៕
