កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ដល់ប្រជាពលរដ្ឋថា វត្តបាក់ណាម ស្ថិតក្នុងទឹកដីរបស់ប្រទេសកម្ពុជា គ្មានការគ្រប់គ្រងដោយប្រទេសណានោះទេ មិនដូចការលើកឡើង របស់ក្រុមជាតិនិយមជ្រុល ជនអគតិ និងសារព័ត៌មានមួយចំនួន ដែលបានលើកឡើង នាពេលកន្លងទៅឡើយ ។

លោក គួច ចំរើន បានលេីកឡេីងបែបនេះ នាឱកាសអញ្ជេីញជាអធិបតីរួមជាមួយ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ក្នុងពិធីបុណ្យសម្ពោធឆ្លងកុដិព្រះសង្ឃាធិបតី និងសមិទ្ធផលនានា និងស្រង់ព្រះសុគន្ធវារី នៅវត្តខេមររាជការាម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណវត្តប៉ាកណាម ភូមិប៉ាកណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
លោក អភិបាលខេត្ត បានរំលឹកថា កាលពីពេលកន្លងទៅមានការលើកឡើងពីជនអគតិ និងសារព័ត៌មានមួយចំនួន បានលើកឡើងថា វត្តប៉ាកណាម ស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសផ្សេង ដូចនេះ រដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីអតីត អភិបាលខេត្តកណ្ដាល ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃ មកធ្វើបុណ្យកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់កម្ពុជា នៅវត្តខេមររាជការាម ហៅវត្តប៉ាកណាម។

លោក អភិបាលខេត្ត បានបន្ថែមថា នៅទីនេះមានបង្គោលព្រំដែនកូសាំងស៊ីន បានកសាងតាំងពីជំនាន់ អាណានិគមនិយមបារាំង ដែលម្ខាងកូសាំងស៊ីន នៅម្ខាងទៀតកម្ពុជា ដែលបានបញ្ជាក់យ៉ាងច្បាស់ថា បង្គោលព្រំដែននេះ គឺជាបង្គោលទឹកដីរបស់ខ្មែរ ដែលបាននូវរក្សាយ៉ាងគង់វង្ស មិនមានបាត់ទៅណានោះទេ ហើយកងទ័ព កងនគរបាលដែលការពារព្រំដែននៅទីនេះ ពួកគាត់បានដើរល្បាតជាប្រចាំ ដើម្បីគ្រប់គ្រងថែរក្សារហូតមក។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា “អំពាវនាវដល់ប្រជាជាតិខ្មែររបស់យើង សូមធ្វើការពិចារណា ចំពោះជនអគតិ និងសារព័ត៌មានមួយចំនួននោះ ដោយចេះតែពោលពាក្យថាបាត់បង់ទឹកដីទៅគេ។ ហើយកន្លងទៅគេអាចនិយាយថា វត្តបាក់ណាម ស្ថិតក្រោមការគ្រប់គ្រងរបស់គេ ប៉ុន្តែការពិតវត្តបាក់ណាម ស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើង គ្មានការគ្រប់គ្រងដោយប្រទេសណានោះទេ។ សូមជនអគតិ និងសារព័ត៌មានមួយចំនួននោះ មិនត្រូវប្រថុយប្រថានក្នុងការប្រើពាក្យសម្ដី ដើម្បីកេញចំណេញខាងផ្នែកនយោបាយ ដើម្បីអំណាចរបស់ខ្លួនបន្តិចបន្តួច ដែលធ្វើឱ្យប៉ះពាល់ទៅដល់ប្រវត្តិសាស្ត្រនៃទឹកដីជាតិរបស់ខ្លួនឯងឡើយ”៕
