ព័ត៌មានជាតិ

លោក ទូច សុឃៈ ៖ ឲ្យតែទាហានថៃ ឲ្យពលរដ្ឋខ្មែរឆ្លងទ្វារព្រំដែន គឺកម្ពុជាទទួលយកហើយ

ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថា ឲ្យតែក្រុមទាហានថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឆ្លងកាត់ទ្វារព្រំដែនវិលមកកាន់កម្ពុជាវិញ គឺកម្ពុជាទទួលហើយ ដោយគ្មានការហាមឃាត់នោះទេ ។

ការលើកឡើងរបស់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីភាគីថៃ បានធ្វើការបំផ្លើសបំភ្លៃខុសពីការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជាជុំវិញ ការបិទច្រកទ្វារព្រំដែន ខណៈមានពលរដ្ឋខ្មែរសុំឆ្លងមកកម្ពុជាវិញ ប៉ុន្តែពួកគេមិនអនុញ្ញាត ហើយបែរមកចោទថា កម្ពុជាមិនបើកច្រកឲ្យឆ្លងកាត់ទៅវិញ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានថ្លែងថា បើចិត្តសឿងមែនទាហានថៃ ត្រូវតែអនុញ្ញាតឲ្យពលរដ្ឋខ្មែរឆ្លងកាត់ ព្រោះនៅខាងកម្ពុជា មានមជ្ឈមណ្ឌលសំចត ដើម្បីទទួលពលរដ្ឋ និងពលករខ្មែរត្រឡប់ មកពីថៃវិញ ជាពិសេសក៏មានរថយន្តត្រៀមទុកបម្រុង រួចជាស្រេចក្នុងការ ដឹកជញ្ជូនពួកគេទៅស្រុកកំណើតរៀងៗខ្លួន។

លោកគូសបញ្ជាក់ថា “ឲ្យតែភាគីថៃ ឲ្យពលករខ្មែរយើងមកដល់ច្រកទ្វាររបងរបស់កម្ពុជា គឺយើងស្វាគមន៍សម្រប សម្រួលជួយគ្រប់បែបគ្រប់យ៉ាងដល់ប្រជាពលរដ្ឋដល់ពលករខ្មែរ មិនដូចថៃថា ខ្មែរយើងអត់បើកច្រកទ្វារ ។ ចុះវាចង្រៃអីគ្រាន់ តែឃើញទ្វាររបងខ្មែរបិទមែន ប៉ុន្តែបើសិនអ្នកឯង មានចេតនាចង់ឲ្យគេចេញមក មិនឲ្យគេមកឈរ នៅរបងទ្វាររបស់ខ្មែរហ្នឹងទៅ ។ នេះហើយគឺជាចេតនាទុច្ចរឹត ឧបាយកលទុច្ចរឹត ហើយរារាំងពលករខ្មែរ យើងនៅក្នុងក្របខណ្ឌទី១ ខឹងសម្បារនឹងកម្ពុជា ប៉ុន្តែពលករខ្មែរយើង បានយល់ច្បាស់អំពីទឹកចិត្តរបស់កម្ពុជា យល់ច្បាស់អំពីមេដឹកនាំកម្ពុជា”។

លោកបន្តថា គោលបំណងរារាំងពលករខ្មែរ មិនឲ្យវិលមកកាន់ប្រទេសកំណើតវិញ ដោយសារភាគីថៃចង់ឲ្យពលករខ្មែរ បំពេញការងារដូចដើម នៅក្នុងប្រទេសខ្លួន ព្រោះកាលណាតែពលករខ្មែរ មកកម្ពុជាវិញ នឹងធ្វើឲ្យថៃបាត់បង់កម្លាំង ពលកម្មយ៉ាងច្រើន ហើយធ្វើឲ្យសេដ្ឋកិច្ច និងសង្វាក់ផលិតកម្មថៃដាំក្បាល ចុះជាក់ជាមិនខាន ។

លោកថា ជាមួយគ្នានេះដែរ ថៅកែក្រុមហ៊ុនធំៗ ដែលកំពុងដាក់ទុន វិនិយោគនៅថៃ ក៏កំពុងមានការខឹងសម្បារ ជាខ្លាំងផងដែរជាមួយវិធានការណ៍របស់រាជរដ្ឋាភិបាល និងយោធាថៃ ជុំវិញការបិទ-បើកច្រកទ្វារព្រំដែនជាឯកតោភាគីនេះ។ លោកបន្ថែមថា ជាចុងក្រោយកំហឹងក្តៅក្រហាយជាទ្រង់ទ្រាយធំនឹងកើតចេញ ពីពលរដ្ឋនិងអាជីវករថៃ ត្រឡប់មកថ្នាក់ដឹកនាំ របស់ពួកគេវិញ ៕

To Top