ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចកម្ពុជា ដើម្បីមើលការចូលចត នាវាខ្លួននៅផែរាម

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានជួបពិភាក្សាគ្នានៅរាជធានីភ្នំពេញ អំពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ចរបស់ លោក Pete Hegseth រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកនៅកម្ពុជា នាពេលខាងមុខ ដើម្បីទស្សនាការចូលចតរបស់នាវាជើងទឹក អាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ។

ការពិភាក្សាពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លើទឹកដីកម្ពុជានេះ ត្រូវបានបង្ហាញ ដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃ២៦ មិថុនា តាមរយៈសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលទស្សនកិច្ចលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ នៅកម្ពុជារយៈពេល២ថ្ងៃចាប់ពីថ្ងៃ២៤-២៥មិថុនា ។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោក Andrew Byers គឺលោកមានកិច្ចប្រជុំប្រកបដោយការស្ថាបនា ជាមួយមន្រ្តីយោធា និងមន្រ្តីរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចប្រជុំទាំងនោះ លោក Byers ឧបការីរងរដ្ឋមន្រ្តី ក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់កម្ពុជា បានពិភាក្សាអំពីជំហាន បន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធា រវាងអាមេរិក-កម្ពុជា បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តី នៃក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិកម្ពុជា នៅឯកិច្ចពិភាក្សា Shangri-La នាប្រទេសសិង្ហបុរី កាលពីខែមុន ។

សេចក្តីប្រកាស របស់ទូតអាមេរិក គូសបញ្ជាក់ថា “ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីផែនការ អនាគត សម្រាប់ទស្សនកិច្ច លោករដ្ឋមន្រ្តីក្រសួង ការពារជាតិ សហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ដើម្បីមើលការ ចូលចតជាលើកដំបូង នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅកងទ័ពជើងទឹកមូលដ្ឋាន សមុទ្ររាម ដែលត្រូវបានបើកឡើងវិញ នៅឆ្នាំនេះ” ។

ប្រភពពីស្ថានទូតអាមេរិកបញ្ជាក់ទៀតថា នេះគឺជាទស្សនកិច្ចប្រកបដោយផ្លែផ្កា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក្នុងវិស័យការពារជាតិ។

នាឱកាសបំពេញទស្សនកិច្ចនេះ លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏ទៅទស្សនាទីតាំងនានាក្នុងមូលដ្ឋានសមុទ្ររាម ដែលស្ថិតនៅឆ្នេរភាគខាងត្បូងនៃកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា គម្រោង នៃការចូលចត របស់នាវាអាមេរិកនេះ គឺជាលើកដំបូងហើយ បន្ទាប់ពីមានវានាចម្បាំងផ្សេងៗទៀត មកពីប្រទេសមហាអំណាច មួយចំនួន បានចូលចតជាបន្តបន្ទាប់គ្នា ក្រោយពីកម្ពុជាបានបើកសម្ពោធមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ចិន នៅមូលដ្ឋានផែរាម ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥៕

To Top