ព័ត៌មានជាតិ

កម្ពុជា-ថៃ យល់ព្រមសម្របសម្រួល បើកច្រកឲ្យពលរដ្ឋ ម៉ូតូ រថយន្ត ដែលជាប់គាំង ឆ្លងដែនចូលប្រទេសរៀងខ្លួន

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ មានពលរដ្ឋខ្មែរមួយចំនួន រួមទាំង ម៉ូតូ និងរថយន្ត ដែលជាប់គាំង នៅខាងច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីថៃ-កម្ពុជា យល់ព្រមអនុញាតិឲ្យឆ្លងដែន ចូលមកប្រទេសកម្ពុជាហើយ ។ ក្នុងពេលព្រមគ្នា ពលរដ្ឋថៃដែលជាប់គាំង នៅច្រកអន្តរជាតិប៉ោយប៉ែត គាត់ត្រូវបានអនុញ្ញាតឱ្យឆ្លងដែន ទៅប្រទេសថៃដូចគ្នាផងដែរ ។

យ៉ាងណានៅវេលាម៉ោង១១:៤៥នាទី ថ្ងៃដដែល លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ ក៏បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ ស្ថានភាព ច្រកទ្វារខ្លងលឹក-ច្រកអន្តរជាតិប៉ោយប៉ែត ដែលការត្រួតពិនិត្យនេះ គឺលោកស្រី និងមន្ត្រីក្រោមឱវាទឈរ មើលពីចម្ងាយខាងទឹកដីថៃ តែប៉ុណ្ណោះ ។

ចំពោះច្រកអន្តរជាតិប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ កម្លាំងនគរបាល កម្លាំងរាជអាវុធហត្ថ កម្លាំងយោធា ក្រុមរថយន្តដឹកជញ្ជូន បានចុះជួយសម្របសម្រួល ដល់ការឆ្លងដែន របស់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកស្រុកកំណើត នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីអាជ្ញាធរថៃបិទច្រកព្រំដែន ៕

To Top