ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ។
នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលខំប្រឹងដើម្បីប្រជាពលរដ្ឋ នាពេលកន្លងមក ហើយឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បានបញ្ជាក់ជូនបន្ថែម ទៅដល់ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ អំពីបញ្ហាទំនាស់ព្រំដែនកម្ពុជាថៃថា ស្ថានភាពនយោបាយ របស់ប្រទេសជិតខាង គឺថៃ បានរុញច្រានទៅមានវិវាទជាមួយកម្ពុជា ទោះយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ សម្តេចមើលឃើញថា វិបត្តិបានក្លាយ ទៅជាកាលានុវត្តភាព។
សម្តេចតេជោ បានណែនាំដល់ក្រុមប្រឹក្សាជំរុញ ប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព លើកទឹកចិត្តឱ្យមានការ ផលិតនៅក្នុងខេត្ត ផ្គត់ផ្គង់ក្នុងខេត្ត ហើយកងទ័ព នគរបាល ពលរដ្ឋចូលរួមសហការគ្នា ជំរុញពលរដ្ឋឱ្យមានការដាំដុះ ដើម្បីផ្គត់ផ្គង់កម្លាំងប្រដាប់ អាវុធនៅនឹងកន្លែងហើយក៏តាមការប៉ាន់ស្មានសម្តេចមើលឃើញថា កម្លាំងប្រដាប់អាវុធអាចតម្រូវការយូរអង្វែង។
សម្ដេចតេជោ បានបញ្ជាក់ថា «ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ ។ សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន ដើម្បីការពារខ្លួនហើយកុំភ្លេចការ បង្កបង្កើនផល ទោះសភាពការណ៍កើត នៅទល់ដែនក៏ដោយ ខណៈដែលពេលនេះរដូវវស្សាបានមកដល់ហើយ»។
បន្ថែមពីនេះទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នកដឹកនាំមានប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូលរួមគ្រប់គ្រងសន្តិសុខសង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និងកង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។
ចំពោះការបិទព្រំដែនដែន តាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយខ្លួនឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា ។ ប្រទេសថៃបច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេស៊ីជាដើមក៏មានបញ្ហាជាមួយគ្នាដែរ ។ សម្តេច បន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ៕
