ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដោយបានវាយតម្លៃខ្ពស់ លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និងបានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និង បានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត។ ភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់ និងបានប្តេជ្ញាចិត្ត បន្តធ្វើការជាមួយគ្នា ដើម្បីឈានទៅដល់ការសម្រេចរួម ដែលបម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត ។
គួរឱ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដំឡើងពន្ធ លើការនាំចូលទំនិញពីប្រទេសកម្ពុជា ចំនួន៤៩% កាលពីថ្ងៃទី២ ខែមេសា គឺផ្អែកលើគម្លាតនៃការនាំចេញ នៃប្រទេសទាំង២ មិនមែនដោយសារកម្ពុជា ធ្លាប់កំណត់អត្រាពន្ធគយលើទំនិញអាមេរិកខ្ពស់ ដល់ទៅ៩៧% នោះទេ។ កម្ពុជា នាំចេញទៅអាមេរិកនៅឆ្នាំ២០២៤ មានចំនួន១២៧០០លានដុល្លារ ដោយឡែក អាមេរិកនាំចេញមកកម្ពុជានៅឆ្នាំ២០២៤ មានចំនួន ៣២១.៦ លានដុល្លារ ដែលនាំឱ្យគម្លាតស្មើនឹង៩៧.៤៦%
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសថា នឹងប្រឹងប្រែងចរចា ជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការប្រកាសដំឡើងពន្ធ ៤៩ភាគរយ លើទំនិញកម្ពុជា នាំទៅសហរដ្ឋអាមេរិក ៕
