ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ចុះពិនិត្យការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពព្រែកលួង

ភ្នំពេញ ៖ ស្របពេលតែមួយ នៃការចែករំលែកបទពិសោធន៍ ភាពជាអ្នកដឹកនាំដល់បុគ្គលិកសុខាភិបាលដល់គ្រប់មូលដ្ឋានឃុំ-ស្រុកនាថ្ងៃ២៤ មិថុនា លោកសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានចុះជួបផ្ទាល់ជាមួយសហភាតរៈភ្លាមនៅមណ្ឌលសុខភាពព្រែកលួង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីមើលការសិក្សាស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាពនៅនឹងកន្លែងរបស់បុគ្គលិកសុខាភិបាល។

ក្នុងឱកាសចុះពិនិត្យនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងបានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានស្អាត សុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ រួសរាយរាក់ទាក់ រក្សាវិន័យការងារល្អ ដើម្បីបង្ហាញពីជំហរទំនួលខុសត្រូវ និងរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។

បន្ថែមពីនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានឲ្យបុគ្គលិកសុខាភិបាលខិតខំឲ្យបានល្អ នូវការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ការថែរក្សាសម្ភារៈបរិក្ខារពេទ្យឲ្យបានគត់មុតត្រឹមត្រូវ និងត្រូវព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលជាប់ជាប្រចាំ និងត្រៀមទទួលអ្នកជំងឺ ក៏ដូចជាពលរដ្ឋដែលមករកទទួលសេវាសុខភាពក្នុងមណ្ឌលសុខភាព៕

To Top