ព័ត៌មានជាតិ

សម្តេចតេជោ ទស្សន៍ទាយថា មិនយូរទេ៣ខែក្រោយ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបង្ហាញក្តីសង្ឃឹមថា នឹងមាននាយករដ្ឋមន្ត្រីថៃថ្មីមួយ ​ឡើងមកកែសម្រួលទំនាក់ទំនង កម្ពុជា-ថៃ ខណៈសម្តេចទស្សន៍ទាយថា ​ប្រមាណជា៣ខែខាងមុខ​ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ។

ការទស្សន៍ទាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្តេចតេជោ បានផ្ញើសារផ្តាំទៅនាយករដ្ឋមន្ត្រីថៃនាពេលបច្ចុប្បន្ន កុំឱ្យប្រមាថដល់អ្នកដទៃ ហើយសម្តេចតេជោ ក៏បានជឿជាក់ថា នៅប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលអាចចេញមកដើម្បីដោះស្រាយ ក៏ដូចជាស្តារនូវទំនាក់ទំនង និងកិច្ចសហការល្អជាមួយកម្ពុជាឡើងវិញ ខណៈដែលពេលនេះ កម្ពុជា ក៏ដូចក្នុងនាមសម្តេចតេជោ ជាប្រធានគណបក្សកាន់អំណាចនៅកម្ពុជា​ យល់ឃើញថា មិនដឹងត្រូវចរចា​ជាមួយអ្នកណា ពីព្រោះអំណាចពិតប្រាកដ គឺជាកងទ័ព ឬក៏បក្សនយោបាយ ឬមួយក៏អ្នកនៅក្រៅបក្សនយោបាយ ឬក៏ជានាយករដ្ឋមន្ត្រីនោះដែរ ។

សម្តេចធតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការយល់ឃើញទៀតថា លុះត្រាតែមាននាយករដ្ឋមន្ត្រីថ្មី ចូលកាន់តំណែង ហើយមានសុច្ឆន្ទៈ ដោះស្រាយជាមួយនឹងកម្ពុជា ខណៈដែលកម្ពុជា មិនមើលទៅថៃ ជាសត្រូវនោះទេ ។ កម្ពុជា ត្រៀមខ្លួន​ធ្វើការជាមួយនាយករដ្ឋមន្ត្រីក្រោយៗទៀត ជាមួយគ្នានេះ កម្ពុជា ក៏មិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃដែរ ដោយសម្តេចដឹងថា តម្រូវការរបស់ប្រជាជនថៃនៅពេលនេះ ក៏ត្រូវការមេដឹកនាំថ្មីដែរ ។

បន្ថែមលើនេះ សម្តេចតេជោ គូសបញ្ជាក់ថា ជំនាន់លោកប្រាយុតចាន់អ៊ូចារ ធ្វើជានាយករដ្ឋមន្ត្រីថៃ ក្នុងរយៈពេលជិត១០ឆ្នាំ កម្ពុជានិងថៃ មិនដែលមានរឿងអ្វីកើតឡើងទេ ហើយដំណាក់កាលខ្ពស់បំផុតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺដំណាក់កាលអតីតនាយករដ្ឋមន្ត្រីថៃ ប្រាយុតចាន់អ៊ូចារ ។

សម្តេចតេជោ មានប្រសាសន៍ថា “តាមការស្មានរបស់ខ្ញុំ ​ប្រមាណជា៣ខែខាងមុខ នឹងមាននាយករដ្ឋមន្ត្រីថ្មី ឥឡូវចាំមើលទៅ បើខ្ញុំទាយខុសអាហ្នឹងទុកចោលទៅចុះ ចាត់ទុកថាខ្ញុំខុស ប៉ុន្តែប្រហែលជាមិនខុសទេៗ តុលាការធម្មនុញ្ញ ឬក៏ក្នុងសភារបស់ថៃ គេមិនអនុញ្ញាតឱ្យមនុស្សបែបនេះដឹកនាំប្រទេសទេៗ ហើយកងទ័ពក៏មិនដឹងថា តើនាយករដ្ឋមន្ត្រីមានអំណាច ឬក៏កងទ័ពមានអំណាច យើងអត់ដឹងអ្នកណាទេ ហើយយើងគោរពនូវការសម្រេចចិត្តរបស់ប្រជាជនថៃ យើងអត់ជ្រៀតជ្រែកទេ”៕

To Top